អដ្ឋកថាឧបសេនវង្គន្តបុត្តសូត្រ

ក្បាលទី 35 · ទំព័រ 599

ឧបសេនវង្គន្តបុត្តសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឧបសេនោ ក្នុងបទថា ឧបសេនស្ស នេះ ជាឈ្មោះ របស់ព្រះថេរៈ ។ ព្រោះលោកជាបុត្ររបស់វង្គន្តព្រាហ្មណ៍ ទើបគេហៅថា វង្គន្តបុត្រ ។ សេចក្តីពិស្តារថា ព្រះថេរៈនេះ ជាប្អូនប្រុសរបស់ព្រះសារីបុត្រ បួសក្នុង ព្រះសាសនា កាលទ្រង់មិនទាន់បញ្ញត្តសិក្ខាបទ ឧបសម្បទាបាន ២ វស្សា ធ្វើជាឧបជ្ឈាយ៍ បានបំបួសភិក្ខុមួយរូប នាំភិក្ខុនោះទៅឧបដ្ឋាកព្រះមានព្រះភាគ ត្រូវព្រះមានព្រះភាគត្រាស់សួរ ដឹងថា ភិក្ខុនោះ ជាសទ្ធិវិហារិករបស់លោក ហើយ ទ្រង់តិះដៀលដោយន័យដែលមកក្នុងខន្ធកៈថា ម្នាលមោឃបុរស អ្នក វិលមក ដើម្បីភាពជាអ្នកប្រាថ្នាច្រើន គឺទាក់ទងដោយគណៈ ជាអ្នកមានចិត្ត សង្វេគ ដូចសេះដែលវាយដោយត្មោង ទើបកើតឧស្សាហ៍ឡើងថា ឥឡូវនេះ អញអាស្រ័យបរិស័ទ ត្រូវព្រះមានព្រះភាគទ្រង់តិះដៀល ក៏ព្រោះអាស្រ័យ បរិស័ទដូចគ្នា ទើបបានទទួលការសរសើរ ដូច្នេះហើយ ទើបសមាទាន ធុតធម៌ទាំងអស់ ផ្តើមចម្រើនវិបស្សនា មិនយូរបុន្មាន ក៏បានអភិញ្ញា ៦ សម្រេចបដិសម្ភិទា ជាព្រះមហាខីណាស្រព ឲ្យនិស្សិតរបស់ខ្លួនទ្រទ្រង់ ធុតង្គដូចគ្នា មួយអន្លើដោយនិស្សិតទាំងនោះ ចូលទៅគាល់ព្រះមានព្រះភាគ បានទទួលការសរសើរអំពីសំណាក់របស់ព្រះមានព្រះភាគ ទាក់ទងដោយបរិស័ទ ដោយន័យដែលមកហើយ ក្នុងសន្ថតសិក្ខាបទថា ម្នាលឧបសេន បរិស័ទ របស់អ្នកគួរជ្រះថ្លា ទើបទ្រង់ស្ថាបនាក្នុងឯតទគ្គៈថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុអ្នកមានសេចក្តីជ្រះថ្លាគ្រប់គ្រាន់ ស្រេចនឹងឧបសេនវង្គន្តបុត្ត ប្រសើរ ជាងគេ ក្នុងបណ្តាមហាសាវ័ក ៨០ រូប ក៏មានមួយរូប នៅក្នុងនោះដែរ ។