អដ្ឋកថាសារីបុត្តសូត្រ
សារិបុត្តសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា អត្តនោ ឧបសមំ សេចក្តីថា ការស្ងប់កិលេសរបស់ ខ្លួនបានជាសមុច្ឆេទ ដោយអរហត្តមគ្គ ដែលជាហេតុនៃការសម្រេចទីបំផុត សាវកបារមីញាណ ។ ព្រះសារីបុត្រឃើញប្រចក្សនូវការក្តៅក្រហាយ ការក្រវល់ក្រវាយ ការ រោលរាល និងសេចក្តីទុក្ខដែលកើតអំពីកិលេស មានរាគៈជាដើម និងទុក្ខ មានជាតិ ជរា ព្យាធិ មរណៈ សោក និងបរិទេវៈជាដើម មានអភិសង្ខារ គឺ អភិសង្ខារជាហេតុនៃពួកសត្វដែលមិនទាន់ស្ងប់កិលេស ហើយពិចារណាទុក្ខ មានវដ្តៈជាមូលនៃសត្វទាំងនោះ ទាំងក្នុងអតីត និងអនាគត ផ្សាយករុណា រពឫកដល់ទុក្ខ មានប្រមាណមិនតិច ដែលខ្លួនធ្លាប់សោយ ក្នុងកាលជាបុថុជ្ជន ឬដែលមានកិលេសជាហេតុ ទើបពិចារណារឿយៗ នូវការស្ងប់កិលេសរបស់ ខ្លួនថា កិលេសដែលជាហេតុនៃទុក្ខជាច្រើនឈ្មោះនេះ ឥឡូវនេះ អាត្មាអញ លះបានជាសមុច្ឆេទហើយ ។ ម្យ៉ាងទៀត កាលពិចារណារមែងពិចារណា ដល់ការស្ងប់កិលេសដោយពិត ដោយមគ្គញ្ញាណនោះៗ ថា កិលេសមាន ប្រមាណបុណ្ណេះស្ងប់ហើយ ដោយសោតាបត្តិមគ្គ ប្រមាណបុណ្ណេះស្ងប់ ហើយដោយសកទាគាមិមគ្គ ប្រមាណបុណ្ណេះស្ងប់ហើយដោយអរហត្តមគ្គ ។ ដោយហេតុនោះ ទើបលោកពោលថា អត្តនោ ឧបសមំ បច្ចវេក្ខមនោ ដូច្នេះ ជាដើម អាចារ្យមួយពួកទៀតពោលថា ព្រះថេរៈចូលអរហត្តផលសមាបត្តិ ពិចារណាសមាបត្តិនោះហើយ ពិចារណាសេចក្តីស្ងប់រឿយៗ យ៉ាងនេះថា ភាវៈដែលឧបសមនេះ មានការស្ងប់ប្រណីត ព្រោះជាអារម្មណ៍នៃអសង្ខតធាតុ ដែលមានការស្ងប់ដោយឥតសេសសល់ ព្រោះស្ងប់កិលេសដោយ ប្រពៃដោយខ្លួនឯង ។