រាជសូត្រ

ក្បាលទី 35 · ទំព័រ 612

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះ ព្រះបាទបសេនទិកោសល គង់នៅខាងលើប្រាសាទដ៏ប្រសើរ ជាមួយនឹងព្រះនាងមល្លិកាទេវី ។ គ្រានោះ ព្រះរាជាបសេនទិកោសល ទ្រង់ សួរព្រះនាងមល្លិកាទេវីថា ម្នាលនាងមល្លិកា ចុះបុគ្គលដទៃណាមួយ ជាទី ស្រឡាញ់ ជាងខ្លួននៃនាងមានដែរឬ ។ បពិត្រមហារាជ បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ ជាងខ្លួនរបស់ខ្ញុំម្ចាស់ មិនមានទេ បពិត្រមហារាជ ចុះ បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ ជាងខ្លួនព្រះអង្គមានដែរឬ ។ ម្នាលនាង មល្លិកា បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ ជាងខ្លួននៃយើង មិនមានទេ ។ លំដាប់នោះ ព្រះរាជាបសេនទិកោសល ទ្រង់យាងចុះអំពីប្រាសាទហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ ។ លុះព្រះរាជាបសេនទិកោសល គង់ក្នុងទី សមគួរហើយ ក៏តំណាលសេចក្តីនេះទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គ ដ៏ចម្រើន អម្បាញ់មិញនេះ ខ្ញុំព្រះអង្គនៅខាងលើប្រាសាទដ៏ប្រសើរជាមួយនឹង នាងមល្លិកាទេវី ហើយសួរនាងមល្លិកាទេវីថា ម្នាលនាងមល្លិកា ចុះ បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ជាងខ្លួននៃនាង មានដែរឬ លុះខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ ទើបនាងមល្លិកាទេវីតបថា បពិត្រមហារាជ បុគ្គលដទៃ ណាមួយ ជាទីស្រឡាញ់ ជាងខ្លួនរបស់ខ្ញុំម្ចាស់ មិនមានទេ បពិត្រមហារាជ បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ ជាងខ្លួនព្រះអង្គមានដែរឬ បពិត្រព្រះអង្គ ដ៏ចម្រើន លុះនាងមល្លិកាទេវី សួរយ៉ាងនេះរួចហើយ ខ្ញុំព្រះអង្គឆ្លើយនឹង នាងមល្លិកាទេវីថា ម្នាលនាងមល្លិកា បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ ជាងខ្លួននៃយើង មិនមានទេ ។