អប្បាយុកាសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រា នោះ ព្រះអានន្ទដ៏មានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយ័ណ្ហសម័យ ហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរ ហើយ ទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចម្លែកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះមាតារបស់ព្រះមានព្រះភាគ មានព្រះជន្មាយុតិចណាស់ កាលព្រះមាន ព្រះភាគ ប្រសូតិបាន ៧ ថ្ងៃ ព្រះមាតារបស់ព្រះអង្គ ទ្រង់សោយព្រះវិលា- ល័យ ទៅកើតក្នុងទេវនិកាយ ឯស្ថានតុសិត ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ ថា ម្នាលអានន្ទ ដំណើរនុ៎ះ មែនហើយ ម្នាលអានន្ទ ដំណើរនុ៎ះ មែនហើយ ម្នាលអានន្ទ ព្រោះថា ព្រះមាតារបស់ពោធិសត្វទាំងឡាយ តែងមានព្រះជន្មាយុតិច កាលព្រះពោធិសត្វទាំងឡាយ ទ្រង់ប្រសូតិបាន ៧ ថ្ងៃ ព្រះមាតា របស់ព្រះពោធិសត្វទាំងឡាយ ក៏សោយព្រះវិលាល័យ ហើយទៅកើតក្នុង ទេវនិយាយ ឯស្ថានតុសិត ( ជាធម្មតា ) ។ គ្រានោះ ព្រះមានព្រះភាគ ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ពួកសត្វណាមួយ ដែលកើតហើយក្តី នឹងកើត ( ក្នុង អនាគត ) ក្តី ពួកសត្វទាំងអស់នោះ នឹងលះបង់នូវរាងកាយ ទៅកាន់ ( បរលោក ) ដូចគ្នា បណ្ឌិតអ្នកឈ្លាស ដឹងច្បាស់សេចក្តីសាបសូន្យ ទាំងអស់នោះហើយ គួរជា អ្នកមានព្យាយាម ប្រព្រឹត្តព្រហ្មចរិយធម៌ ។