អដ្ឋកថាអប្បាយុកាសូត្រ

ក្បាលទី 35 · ទំព័រ 620

អប្បាយុកាសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ ពាក្យថា អច្ឆរិយំ ភន្តេ នេះ គប្បីជ្រាបភាពអស្ចារ្យដែលគួរ តិះដៀល ដូចក្នុងមេឃិយសូត្រ ។ បទថា យាវ អប្បាយុកា ប្រែថា មាន អាយុតិចដរាបណា អធិប្បាយថា មានជីវិតតិចតួច ។ បទថា សត្តាហជាតេ សេចក្តីថា ប្រសូត ១ សប្តាហ៍។ ឈ្មោះថា សត្តាហជាត ក្នុងកាល ទ្រង់ប្រសូតបាន ៧ ថ្ងៃ អធិប្បាយថា ក្នុងថ្ងៃទី ៧ ដែលទ្រង់ប្រសូត ។ បទថា តុសិតំ កាយំ ឧបបជ្ជិ សេចក្តីថា ចូលដល់ទេពនិកាយជាន់តុសិត ដោយបដិសន្ធិ ។ បានឮថា ថ្ងៃមួយ ខាងក្រោយភត្ត ព្រះថេរៈអង្គុយសម្រាកពេលថ្ងៃ ពិចារណាដល់ព្រះរូបរបស់ព្រះមានព្រះភាគ ដែលប្រដាប់ដោយព្រះលក្ខណៈ និងព្រះអនុព្យញ្ជនៈ មានព្រះរូបល្អល្អះ ជាទស្សនានុត្តរិយៈ ហើយទើបគិតថា គួរអស្ចារ្យ ព្រះពុទ្ធទាំងឡាយដល់ព្រមទៅដោយព្រះរូបកាយគួរសរសើរ នាំមក នូវការជ្រះថ្លាដោយជុំវិញ គួរត្រេកអរក្នុងចិត្ត ដូច្នេះហើយ ទើបសោយ បីតិ និងសោមនស្សយ៉ាងក្រៃលែង ទើបគិតយ៉ាងនេះថា ធម្មតាម្តាយបង្កើត ទោះមានបុត្ររូបរាងមិនល្អ ក៏នៅតែមានការពេញចិត្ត ដូចគ្នានឹងបុត្រដែល មានរូបល្អ ដូច្នោះ បើព្រះនាងមហាមាយាទេវីជាពុទ្ធមាតា គង់ព្រះជន្មនៅ សោត នាងក៏គប្បីកើតបីតិសោមនស្ស ព្រោះបានឃើញព្រះរូបរបស់ព្រះមាន ព្រះភាគ ហេតុអ្វីហ្ន៎ កាលទ្រង់ប្រសូតបាន ៧ ថ្ងៃ ព្រះទេវីមហាមាយាមាតា ទ្រង់សោយព្រះវិលាល័យ ជាការវិនាសយ៉ាងធំកន្លង ។ កាលគិតយ៉ាងនេះ ហើយ ទើបចូលគាល់ព្រះមានព្រះភាគ ក្រាបទូលបរិវិតក្កៈរបស់ខ្លួន កាលនឹង តិះដៀលការសោយព្រះវិលាល័យរបស់ព្រះនាង ទើបក្រាបទូលពាក្យជាដើម ថា អច្ឆរិយំ ភន្តេ ។