អដ្ឋកថាកុមារកសូត្រ

ក្បាលទី 35 · ទំព័រ 661

កុមារកសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា កុមារកា ប្រែថា បុរសជំទង់ តែក្នុងទីនេះ មនុស្ស ជំទង់ ដែលដឹងសេចក្តីរបស់សុភាសិត និងទុព្ភាសិត លោកបំណងថា កុមារក ។ ពិតហើយ សត្វទាំងនេះ ចាប់តាំងអំពីថ្ងៃដែលកើតមករហូតដល់ អាយុ ១៥ លោកហៅថា កុមារក និងហៅថា ពាល បន្ទាប់អំពីនោះ មានអាយុ ២០ លោកហៅថា កំលោះ ក្រមុំ ។ បទថា មច្ឆកេ ពាធេន្តិ សេចក្តីថា ក្មេងជំទង់ទាំងនោះ ក្នុងរដូវប្រាំង កាលទឹកក្នុងស្រះមួយកន្លែង ក្បែរផ្លូវរីងស្ងួតហើយ ក៏នាំគ្នាបាចទឹកដែលដក់នៅក្នុងរណ្តៅ ចាប់ និងសម្លាប់ ត្រីតូចៗ ដោយបំណងថា អញនឹងអាំងស៊ី ។ បទថា តេនុបសង្កមិ សេចក្តី ថា ទ្រង់ចៀសចេញពីផ្លូវ ចូលទៅកាន់ស្រះទឹកតូចមួយ ហើយឈរប្រថាប់ ព្រោះហេតុនោះ ទើបលោកពោលថា ឧបសង្កមិ ។ ព្រោះហេតុអ្វី ទើបទ្រង់ ចូលទៅរក ព្រោះដើម្បីឲ្យក្មេងទាំងនោះ កើតនូវសេចក្តីស្និទ្ធស្នាលជាមួយ ទ្រង់ ទើបចូលទៅរក ។ សព្ទថា វោ ក្នុងពាក្យនេះថា ភាយថ វោ ត្រឹមតែ ជានិបាត ។ បទថា ទុក្ខស្ស ជាឆដ្ឋីវិភត្តិ ចុះក្នុងអត្ថបញ្ចមីវិភត្តិ អធិប្បាយ ថា ទុក្ខស្មា គឺចាកទុក្ខ ។ ដោយបទថា អប្បិយំ វោ ទុក្ខំ ទ្រង់ត្រាស់សួរថា ទុក្ខដែលកើតក្នុងរាងកាយរបស់ពួកអ្នកមិនជាទីស្រឡាញ់ មិនគួរប្រាថ្នា មិន មែនឬ ។ បទថា ឯតមត្ថំ វិទិត្វា សេចក្តីថា ទ្រង់ជ្រាបដោយអាការទាំងពួងនូវ អត្ថនេះថា សត្វទាំងនេះ មិនប្រាថ្នាទុក្ខដើម្បីខ្លួន តែបដិបត្តិហេតុនៃទុក្ខ ដោយ អត្ថ ជាការដែលឈ្មោះថា ប្រាថ្នាទុក្ខនោះឯង ។ បទថា ឥមំ ឧទានំ សេចក្តី ថា ទ្រង់បន្លឺឧទាននេះ ដែលរារាំងការធ្វើអាក្រក់ និងប្រកាសទោសនៃការធ្វើ អាក្រក់ ។