អដ្ឋកថាឧបោសថសូត្រ
ឧបោសថសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា តទហុ បានដល់ ក្នុងថ្ងៃនោះ គឺក្នុងពេលថ្ងៃនោះ ។ ក្នុងពាក្យថា ឧបេសថេ មានវិនិច្ឆ័យដូចតទៅនេះ ថ្ងៃ ឈ្មោះថា ឧបោសថ ព្រោះជាទីចូលទៅរក្សារបស់មនុស្សទាំងឡាយ ។ ពាក្យថា ចូលទៅរក្សា សេចក្តីថា ជាអ្នកចូលទៅរក្សាដោយសីល ឬដោយការអត់អាហារ ។ ពិត ហើយ សព្ទថា ឧបេសថ នេះ មកក្នុងសីល ដូចក្នុងប្រយោគជាដើមថា អដ្ឋង្គសមន្នាគតំ ឧបេសថំ ឧបវសិត្វា ( ស្ត្រី ឬបុរសពួកខ្លះ ) ក្នុងលោក នេះ រក្សានូវឧបោសថប្រកបដោយអង្គ ៨ ដូច្នេះ ។ មកក្នុងវិនយកម្ម មាន បាតិមោក្ខនិទ្ទេសជាដើម ដូចក្នុងប្រយោគជាដើមថា ឧបេសថោ វា បវារណា វា ឧបោសថក្តី បវារណាក្តី ដូច្នេះ ។ មកក្នុង ឧបវាស ដូចក្នុង ប្រយោគជាដើមថា គោបលកុបេសថោ និគ្គណ្ឋុបេសថោ ឧបោសថ របស់គង្វាលគោ ១ ឧបោសថរបស់និគ្គណ្ឋ ១ ដូច្នេះ ។ មកក្នុងបញ្ញត្តិ ដូចក្នុងប្រយោគជាដើមថា ឧបេសថោ នាម នាគរាជា ស្តេចដំរីឈ្មោះ ឧបោសថ ដូច្នេះ ។ មកក្នុងថ្ងៃ ដូចក្នុងប្រយោគជាដើមថា អជ្ជុបេសថោ បណ្ណរសោ ថ្ងៃទី ១៥ នេះ ជាថ្ងៃឧបោសថ ដូច្នេះ ។ ក្នុងទីនេះ គប្បី ឃើញថា មកក្នុងថ្ងៃនោះឯង ។ ព្រោះដូច្នោះ បទថា តទហុបេសថេ សេចក្តី ថា ក្នុងថ្ងៃដែលជាថ្ងៃឧបោសថនោះ ។ បទថា និសិន្នោ ហោតិ សេចក្តីថា ទ្រង់ចោមរោមទៅដោយមហាភិក្ខុសង្ឃ គង់ប្រថាប់ដើម្បីទ្រង់សម្តែងឱវាទប្បាតិមោក្ខ ។ កាលទ្រង់គង់ប្រថាប់ហើយ ទ្រង់ប្រមើលមើលចិត្តរបស់ភិក្ខុ ទាំងនោះ ទ្រង់ឃើញបុគ្គលទ្រុស្តសីលមួយរូប ទ្រង់ព្រះតម្រិះថា តថាគត នឹងសម្តែងបាតិមោក្ខ ក្នុងកាលបុគ្គលនេះ អង្គុយក្នុងទីនោះឯង ក្បាលរបស់ បុគ្គលនោះ នឹងបែកជា ៧ ចម្រៀក ដូច្នេះហើយ ទើបទ្រង់តុណ្ហីភាព ដើម្បី អនុគ្រោះភិ