អដ្ឋកថាកង្ខារេវតសូត្រ
កង្ខារេវតសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា រេវតោ ជាឈ្មោះរបស់ព្រះថេរៈនោះ ។ ពិតហើយ ព្រះថេរៈនោះ បានបព្វជ្ជាឧបសម្បទាក្នុងព្រះសាសនា ហើយជាអ្នកមាន សីល មានកល្យាណធម៌ តែលោកច្រើនដោយសេចក្តីសង្ស័យ ពោល គឺ សេចក្តីរង្កៀសក្នុងព្រះវិន័យជាដើមថា សណ្តែកបាយជាអកប្បិយ រមែងមិន គួរដើម្បីបរិភោគ ស្ករអំពៅដែលជាអកប្បិយ រមែងមិនគួរបរិភោគ ។ ដោយ ហេតុនោះ ទើបលោកប្រាកដឈ្មោះថា កង្ខារេវតៈ ។ ក្រោយមក លោក រៀនកម្មដ្ឋានក្នុងសម្នាក់ព្រះសាស្តា ព្យាយាមធ្វើឲ្យជាក់ច្បាស់នូវអភិញ្ញា ៦ សម្ងំនៅដោយសុខដែលកើតអំពីឈាន និងសុខដែលកើតអំពីផលចិត្ត ។ តែដោយច្រើន លោកពិចារណាអរិយមគ្គដែលខ្លួនសម្រេចហើយធ្វើឲ្យធ្ងន់ ។ ដោយហេតុនោះ ទើបលោកពោលថា រំពឹងនូវកង្ខាវិតរណវិសុទ្ធិ ( សេចក្តី បរិសុទ្ធព្រោះឆ្លងនូវសេចក្តីសង្ស័យ ) របស់ខ្លួន ដូច្នេះជាដើម ។ ពិតហើយ បញ្ញាដែលសម្បយុត្តដោយមគ្គក្នុងទីនេះ លោកបំណងយក ថា ជាកង្ខាវិរតណវិសុទ្ធិនេះ ព្រោះឆ្លង គឺឈានកន្លងសេចក្តីសង្ស័យទាំងពួង ដោយមិនមានចំណែកសេសសល់ គឺការសង្ស័យមានវត្ថុ ១៦ ដែលប្រព្រឹត្ត ទៅដោយន័យជាដើមថា អតីតកាលដែលយូរ អញមានហើយឬហ្ន៎ សេចក្តី សង្ស័យមានវត្ថុ ៨ ដែលលោកពោលទុកយ៉ាងនេះថា រមែងសង្ស័យក្នុងព្រះពុទ្ធ ក្នុងព្រះធម៌ ។ បេ ។ រមែងសង្ស័យក្នុងបដិច្ចសមុប្បន្នធម៌ នឹងពោលថ្វីដល់ សេចក្តីសង្ស័យក្រៅអំពីនេះ និងព្រោះសេចក្តីបរិសុទ្ធដោយចំណែកមួយចាក កិលេសដទៃ ដែលខ្លួនគប្បីលះ ។ អាវុសោរូបនេះ ព្រោះលោកមានសេចក្តី សង្ស័យជាប្រក្រតីអស់កាលដ៏យូរ ទើបអង្គុយពិចារណាអរិយមគ្គ ដែលខ្លួន សម្រេចហើយនោះឲ្យធ្ងន់ថា អញលះសេចក្តីសង្ស័យទាំងនេះបានជាសមុច្ឆេទ ដោយអាស្រ័យមគ្គធម៌