អដ្ឋកថាអាយុសមឱសជ្ជនសូត្រ

ក្បាលទី 35 · ទំព័រ 746

អាយុសមឱសជ្ជនសូត្រទី ១ នៃជច្ចន្ធវគ្គទី ៦ មានវិនិច្ឆ័យដូច្នេះ បទបាលីជាដើមថា វេសាលិយំ មានអត្ថដូចពោលហើយ ខាងដើមនោះឯង ។ បទថា វេសាលឹ បិណ្ឌាយ បវិសិ សេចក្តីថា ព្រះអង្គ ទ្រង់ចូលទៅក្នុងកាលណា ក្នុងកាលដែលទ្រង់ចេញអំពីឧក្កាចេលវិហារ ហើយយាងទៅកាន់ក្រុងវេសាលី ។ សេចក្តីពិស្តារថា ព្រះមានព្រះភាគ ទ្រង់ចាំវស្សាក្នុងវេឡុវគ្រាម ហើយ យាងចេញអំពីវេឡុវគ្រាមនោះ ដល់ក្រុងសាវត្ថីដោយលំដាប់ ហើយប្រថាប់ នៅក្នុងវត្តជេតពន ។ ក្នុងកាលនោះ ព្រះធម្មសេនាបតីរំពឹងមើលអាយុសង្ខារ របស់ខ្លួន ដឹងថា នៅបាន ៧ ថ្ងៃបុណ្ណោះ ទើបសូមអនុញ្ញាតព្រះមានព្រះភាគ ទៅកាន់នាលកគ្រាម ឲ្យម្តាយតាំងនៅក្នុងសោតាបត្តិផល ហើយបរិនិព្វាន ក្នុងទីនោះ ។ ព្រះសាស្តាទ្រង់កាន់យកធាតុ របស់ព្រះធម្មសេនាបតី ដែល ព្រះចុន្ទនាំមកហើយ ឲ្យសាងចេតិយ ជាទីបញ្ចុះព្រះធាតុ ចោមរោមទៅ ដោយមហាភិក្ខុសង្ឃ យាងទៅកាន់ក្រុងរាជគ្រឹះ ។ ក្នុងកាលទៅកាន់ក្រុង រាជគ្រឹះនោះ ព្រះមហាមោគ្គល្លានបរិនិព្វានហើយ ព្រះមានព្រះភាគ ទ្រង់កាន់ យកធាតុព្រះមហាមោគ្គល្លាននោះ ហើយឲ្យសាងជាចេតិយ ហើយយាង ចេញអំពីក្រុងរាជគ្រឹះ ទៅកាន់ឧក្កាចេលវិហារតាមលំដាប់ ។ ក្នុងទីនោះ ចោមរោមទៅដោយភិក្ខុសង្ឃ អង្គុយត្រង់ស្ទឹងគង្គា សម្តែងធម៌ ទាក់ទង ដោយបរិនិព្វានរបស់អគ្គសាវ័កទាំង ២ ចេញអំពីឧក្កាចេលវិហារ ហើយ យាងទៅកាន់ក្រុងវេសាលី ។ ព្រះមានព្រះភាគ យាងទៅយ៉ាងនោះ ទើប លោកពោលថា ទ្រង់ស្បង់ប្រដាប់បាតចីវរ ចូលទៅកាន់ក្រុងវេសាលី ដើម្បី បិណ្ឌបាត ក្នុងបុព្វណ្ហសម័យ ។