អដ្ឋកថាបដិសល្លានសូត្រ

ក្បាលទី 35 · ទំព័រ 766

បដិសល្លានសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា ពហិទ្វារកោដ្ឋកេ បានដល់ ខាងក្រៅខ្លោងទ្វារ ប្រាសាទ មិនមែនខាងក្រៅខ្លោងទ្វារវិហារ ។ បានឮថា ប្រាសាទនោះដូចគ្នា នឹងលោហប្រាសាទ ដោយជុំវិញព័ទ្ធកំពែង ដែលសមគួរដល់ខ្លោងទ្វារទាំង ៤ ។ ក្នុងម្លប់ប្រាសាទ ខាងក្រៅខ្លោងទ្វារទិសខាងកើត ក្នុងបណ្តាទ្វារទាំងនោះ ទ្រង់ប្រថាប់គង់លើបវរពុទ្ធាសនៈដែលផ្ចិតផ្ចង់ ទ្រង់សម្លឹងមើល លោកធាតុទិសខាងកើត ។ បទថា ជដិលា បានដល់ អ្នកទ្រទ្រង់ភេទជាតាបសមានផ្នួងសក់ ។ បទថា និគ្គន្ថា បានដល់ អ្នកទ្រទ្រង់រូបនិគ្រន្ថ ស្លៀកសំពត់ស ។ បទថា ឯកសាដកា បានដល់ ជាអ្នកយកកំណាត់សំពត់ចាស់មួយផ្ទាំងចងដៃ បិទបាំង ផ្នែកខាងមុខនៃរាងកាយ ដោយសំពត់ចាស់ដទៃនោះ ត្រាច់ទៅ ដូចពួកន ិគ្រន្ថ ដែលមានសំពត់មួយផ្ទាំង ។ បទថា បរូឡកច្ឆនខលោមា បានដល់ ជាអ្នកមានរោមក្លៀកដុះហើយ ក្រចកដុះហើយ និងរោមក្រៅអំពីនោះក៏ដុះ ហើយ អធិប្បាយថា រោមក្លៀកជាដើមវែង និងក្រចកវែង ។ បទថា ខារិ វិវិធមាទាយ សេចក្តីថា ប្រើសង្រែកផ្សេងៗ រែកគ្រឿងបរិក្ខាររបស់បព្វជិត មានប្រការផ្សេងៗ ។ បទថា អវិទូរេ អតិក្កមន្តិ សេចក្តីថា ចូលទៅកាន់ ព្រះនគរដោយផ្លូវមិនឆ្ងាយអំពីព្រះវិហារ ។ បទថា រាជាហំ ភន្តេ បសេនទិ- កោសលោ សេចក្តីថា ព្រះបាទបសេនទិកោសល ទ្រង់ប្រកាសថា លោកដ៏ ចម្រើន ខ្ញុំជាព្រះរាជា ឈ្មោះបសេបទិកោសល ចូរលោកទាំងឡាយជ្រាបនូវ ឈ្មោះរបស់ខ្ញុំ ។ សួរថា ព្រោះហេតុអ្វី ព្រះរាជាប្រថាប់នៅក្នុងសម្នាក់អគ្គបុគ្គលក្នុងលោក ហើយផ្គងអញ្ជលីដល់អ្នកអាក្រាត មិនមានសិរីបែបនេះ ។