អាហុសូត្រ

ក្បាលទី 35 · ទំព័រ 774

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យ នោះឯង ព្រះមានព្រះភាគ កំពុងគង់ពិចារណា ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការ ដែលទ្រង់លះហើយផង ពួកកុសលធម៌ច្រើនប្រការ ដែល បរិបូណ៌ដោយការចម្រើនផង ។ លុះព្រះមានព្រះភាគជ្រាបពួកអកុសលធម៌ដ៏ លាមកច្រើនប្រការ ដែលព្រះអង្គលះហើយផង ពួកកុសលធម៌ច្រើនប្រការ ដែលបរិបូណ៌ដោយការចម្រើនផង ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ពួកកិលេសមាន រាគៈជាដើម ធ្លាប់មានហើយ ក្នុងកាលមុន ពួកកិលេសណាមួយ របស់តថាគត មិនបានមានហើយ ក្នុងខណៈនៃមគ្គញ្ញាណនោះទេ អរិយមគ្គមិនធ្លាប់មានហើយ ក្នុងកាលមុន អរិយមគ្គ ក៏បានមានហើយ ក្នុងកាលណោះ ពួក កិលេស មិនបានមានក្នុងកាល ( ជាអតីត ) ផង មិនមានក្នុងកាល ( ជាអនាគត ) ផង មិនមាន ក្នុងកាលជាបច្ចុប្បន្នផង ( ដល់តថាគត ) ។ សូត្រទី ៣ ។