អដ្ឋកថាបឋមកិរសូត្រ
បឋមកិរសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ ក្នុងបទថា នានាតិត្ថិយា សមណព្រាហ្មណា បរិព្វាជកា នេះ មានវិគ្គហៈដូចតទៅនេះ ឈ្មោះថា តិត្ថំ ព្រោះជាហេតុឆ្លងឱឃសង្សារ បានដល់ ផ្លូវជាទីទៅកាន់ព្រះនិព្វាន ។ តែក្នុងទីនេះទិដ្ឋិទស្សនៈ ( ការឃើញ គឺទិដ្ឋិ ) ដែលពួកបុគ្គលមានទិដ្ឋិប្រកាន់ជាគតិ ដូច្នោះ ដោយវិបល្លាសដែល ខុសប្លែក លោកបំណងយកថាជា តិត្ថំ ។ បុគ្គលប្រកបក្នុង តិត្ថំ មានអាការ ផ្សេងៗ មានការទៀងជាដើមនោះ ឈ្មោះថា នានាតិត្ថិយា ។ សមណអាក្រាត និងនិគ្គណ្ឋជាដើម មានកថកលាបព្រាហ្មណ៍ជាដើម និងបរិព្វាជក ឈ្មោះបោក្ខរសាតិជាដើម ឈ្មោះថា សមណព្រាហ្មណ៍ និងបរិព្វាជក ។ សមណព្រាហ្មណ៍ និងបរិព្វាជកទាំងនោះ ដែលប្រកបក្នុង តិត្ថំ ផ្សេងៗ ដូច គ្នា ។ ឈ្មោះថា ទិដ្ឋិ ព្រោះជាគ្រឿងឃើញ ដោយន័យជាដើមថា អត្តា ឬលោកទៀង ទិដ្ឋិនោះ រមែងឃើញឯង ទិដ្ឋិនោះ ត្រឹមតែការឃើញច្បាស់ បុណ្ណោះ ។ ពាក្យថា ទិដ្ឋិ នេះ ជាឈ្មោះនៃការប្រកាន់ខុស ។ ទិដ្ឋិផ្សេងៗ មានច្រើនជាអនេក ដោយឃើញថា ទៀងជាដើមរបស់ជនទាំងនោះ មានហេតុ នោះ ជនទាំងនោះ ឈ្មោះថា នានាទិដ្ឋិកា ។ ការពេញចិត្តដោយ ឃើញថា ទៀងជាដើម ឈ្មោះថា ខន្តិ ការពេញចិត្ត ឈ្មោះថា រុចិ ដោយ អត្ថ បានដល់ ចិត្តវិបល្លាស និងសញ្ញាវិបល្លាស ដែលប្រព្រឹត្តទៅដោយន័យ ជាដើមថា អត្តា និងលោក ទៀង ការពេញចិត្តផ្សេងៗ ដូច្នោះ នៃជនទាំងនោះ មានហេតុនោះ ទើបជនទាំងនោះ ឈ្មោះថា នានាខន្តិកា ។