អដ្ឋកថាទុតិយកិរសូត្រ

ក្បាលទី 35 · ទំព័រ 803

ទុតិយកិរសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា សស្សតោ អត្តា ច លោកោ ច សេចក្តីថា ជនដទៃកាន់យករូបារម្មណ៍ជាដើមណាមួយ ថាជាអត្តា និងថាជាលោកហើយ កាន់យករូបារម្មណ៍ណាមួយ ថាទៀង ស្ថិតស្ថេរ ពោលយ៉ាងនោះ ដូចដែល ពោលថា ជនទាំងឡាយ រមែងបញ្ញត្តរូបឲ្យជាអត្តា និងបញ្ញត្តលោក ថាជា អត្តា ជាលោកផង ទៀងផង បញ្ញត្តវេទនា … សញ្ញា … សង្ខារ … វិញ្ញាណ ឲ្យជាអត្តា និងលោក ថាជាអត្តា ជាលោកផង ទៀងផង ។ ម្យ៉ាងទៀត បទថា អត្តា បានដល់ វត្ថុដែលប្រកាន់ថាជារបស់អញ ។ បទថា លោកោ បានដល់ វត្ថុដែលឈ្មោះថាជារបស់អញ លោកពោលថា មានក្នុងខ្លួន ។ ម្យ៉ាងទៀត បទថា អត្តា បានដល់ ខ្លួនឯង ។ បទថា លោកោ បានដល់ អ្នកដទៃ ។ ម្យ៉ាងទៀត បទថា អត្តា បានដល់ ខន្ធ ១ ក្នុងបណ្តាឧបាទានក្ខន្ធ ៥ ខន្ធក្រៅអំពីនោះ បានដល់ លោក ។ ម្យ៉ាងទៀត បទថា អត្តា បានដល់ ខន្ធសន្តានដែលមានវិញ្ញាណគ្រប់គ្រង ដែលមិនមានវិញ្ញាណគ្រប់គ្រង បានដល់ លោក ។ ជនទាំងឡាយ កាន់យករូបជាដើមនោះ ជា ២ ប្រការ តាមទស្សនៈថាអត្តា និងថាជាលោកយ៉ាងនេះហើយ កាន់យកទាំង អត្តា និងលោកនោះ ពោលថា ទៀង ស្ថិតស្ថេរ ពិតប្រាកដ ។ ដោយពាក្យ នេះ លោកសម្តែងសស្សតវាទ ៤ ដោយពាក្យថា អសស្សតោ នេះ សម្តែង ឧច្ឆេទវាទទាំង ៧ ។ បទថា សស្សតោ ច អសស្សតោ ច អធិប្បាយថា ដែលឈ្មោះថា ទៀង ព្រោះអត្តា និងលោកណាមួយទៀង ដែលឈ្មោះថា មិនទៀង ព្រោះអត្តា និងលោកណាមួយមិនទៀង ។ ម្យ៉ាងទៀត អត្តា និង លោកនោះឯង ជួនកាលទៀង ជួនកាលមិនទៀង ដូចរបស់បុគ្គលដែលឃើញ ខ្លួនជាគតិ គប្បីជ្រាបក្នុងសេចក្តីនេះយ៉ាងនេះថា សស្សតោ ប្រែថា ទៀង ។