អដ្ឋកថាគណិកាសូត្រ

ក្បាលទី 35 · ទំព័រ 823

គណិកាសូត្រទី ៨ មានវិនិច្ឆ័យដូចតទៅនេះ បទថា ទ្វេ បូគា បានដល់ ២ គណៈ ។ បទថា អញ្ញតរិស្សា គណិកាយ បានដល់ ស្រីនគរសោភិនីម្នាក់ ។ បទថា សារត្តា ប្រែថា តម្រេកដោយល្អ ។ បទថា បដិពទ្ធចិត្តា ប្រែថា មានចិត្តជាប់ជំពាក់ ដោយកិលេស ។ បានឮថា ក្នុងក្រុងរាជគ្រឹះ ថ្ងៃមហោស្រពមួយ ពួកអ្នកលេងជាច្រើន ដើរជាពួកៗ តែបុគ្គលម្នាក់នាំស្រីគណិកាម្នាក់ ចូលឧទ្យានលេងមហោស្រព ក្រោយអំពីនោះ ក្នុងថ្ងៃមហោស្រព អ្នកលេង ២-៣ នាក់ នាំស្រីគណិកា នោះមកលេងមហោស្រព ។ សម័យថ្ងៃមួយ ពួកអ្នកលេងដទៃទៀត បំណង នឹងលេងមហោស្រពនោះដូចគ្នា កាលនាំស្រីគណិកាមក ទើបនាំស្រីគណិកា ម្នាក់ ដែលពួកអ្នកលេងមុនធ្លាប់នាំមក ឯអ្នកលេងមុនឃើញដូច្នោះ ទើប ពោលថា ស្រីនេះ នៅក្នុងការគ្រប់គ្រងរបស់ពួកយើង ឯពួកអ្នកលេងក្រោយ ក៏បានពោលយ៉ាងនោះដូចគ្នា ។ អ្នកលេង ២ ពួកនោះ បង្កនូវជម្លោះថា បើ ដូច្នេះ ពួកយើងក៏គ្រប់គ្រងបាន ពួកយើងក៏គ្រប់គ្រងបាន ទើបវាយតប់គ្នា ដោយកណ្តាប់ដៃជាដើម ដោយហេតុនោះ ទើបលោកពោលថា តេន ខោ បន សមយេន រាជហេ ទ្វេ បូគា ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ឧបក្កមន្តិ ប្រែថា ប្រហារគ្នា ។ បទថា មរណម្បិ និគច្ឆន្តិ សេចក្តីថា ចូលដល់នូវការស្លាប់ ដោយការប្រហារគ្នា យ៉ាងខ្លាំងក្លា ។ ឯជនមួយពួកទៀត បានទទួលទុក្ខស្ទើរតែនឹងស្លាប់ គឺមាន ការស្លាប់ជាប្រមាណ ។ បទថា ឯតមត្ថំ វិទិត្វា សេចក្តីថា ទ្រង់ជ្រាបដោយអាការទាំងពួងនូវ តម្រេកក្នុងកាមទាំងឡាយនោះថា ជាមូលនៃវិវាទ និងជាមូលនៃសេចក្តីវិនាស ទាំងពួង ។ បទថា ឥមំ ឧទានំ សេចក្តីថា ទ្រង់បន្លឺឧទាននេះ ដែលប្រកាស ទោសក្នុងអន្តធម៌ ២ យ៉ាង និងអានិសង្សក្នុងមជ្ឈិមប្បដិបទា ។