ឧបបជ្ជន្តិសូត្រ

ក្បាលទី 35 · ទំព័រ 837

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រា នោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទ ដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមាន ព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ មិនទាន់កើតក្នុងលោកដរាបណា ពួកអន្យតិរ្ថិយបរិព្វាជក មាន គេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារដរាបនោះ បពិត្រព្រះអង្គដ៏ចម្រើន កាលណាបើព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុង លោក ពួកអន្យតិរ្ថិយបរិព្វាជក ដែលមិនមានគេធ្វើសក្ការៈ មិនមានគេគោរព មិនមានគេរាប់អាន មិនមានគេបូជា មិនមានគេកោតក្រែង ទាំងមិនបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងកាលនោះឯង បពិត្រ ព្រះអង្គដ៏ចម្រើន ឥឡូវនេះ ព្រះមានព្រះភាគ ព្រះអង្គមានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ទាំងភិក្ខុសង្ឃ ( ក៏ដូច្នោះដែរ ) ។ ម្នាល អានន្ទ ដំណើរនុ៎ះយ៉ាងនោះហើយ ម្នាលអានន្ទ ដំណើរនុ៎ះយ៉ាងនោះហើយ ម្នាលអានន្ទ ព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ មិនទាន់កើតឡើង