ភទ្ទិយសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ បានពន្យល់ព្រះលកុណ្ឋកភទ្ទិយៈ ដ៏មានអាយុ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាច្រើន ប្រការ ។ លំដាប់នោះ ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ដែលព្រះសារីបុត្ត ដ៏មានអាយុ ពន្យល់ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ច្រើនប្រការហើយ ចិត្តក៏រួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់ មាំ ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ដែល ព្រះសារីបុត្តដ៏មានអាយុពន្យល់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយ ធម្មីកថាច្រើនប្រការ ចិត្តក៏រួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់ មាំហើយ ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា បុគ្គលរួចស្រឡះចាកសង្ខារទាំងពួង ក្នុងចំណែកខាងលើ គឺរូបធាតុ និង អរូបធាតុ ក្នុងចំណែកខាងក្រោម គឺកាមធាតុ មិនឃើញថា នេះជាអាត្មាអញ លុះរួចស្រឡះយ៉ាងនោះហើយ ក៏បានឆ្លងអន្លង់ ( ទាំង ៤ ) ដែល ខ្លួនមិនធ្នាប់ឆ្លង មិនប្រព្រឹត្តទៅដើម្បីភពថ្មីទៀតឡើយ ។ សូត្រទី ១ ។