អដ្ឋកថាទុតិយភទ្ទិយសូត្រ
ទុតិយភទ្ទិយសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា សេក្ខោតិ មញ្ញមានោ បានដល់ សម្គាល់ថា ព្រះភទ្ទិយៈនេះជាព្រះសេក្ខៈ ក្នុងពាក្យនោះ មានវចនត្ថៈដូចតទៅនេះ ឈ្មោះ ថា សេក្ខៈ ព្រោះត្រូវសិក្សា ។ សិក្សាអ្វី គឺសិក្សាអធិសីល អធិចិត្ត និង អធិបញ្ញា ។ ម្យ៉ាងទៀត ការសិក្សា ឈ្មោះថា សិក្ខា ការសិក្សានោះ ជា ប្រក្រតីរបស់បុគ្គលនោះ ហេតុនោះ បុគ្គលនោះឈ្មោះថា ជាអ្នកមានការសិក្សា ។ ពិតហើយ បុគ្គលនោះឈ្មោះថា មានការសិក្សាជាប្រក្រតីដោយ ចំណែកមួយ ព្រោះមានការសិក្សាមិនទាន់ចប់ និងព្រោះបង្អោនចិត្តទៅក្នុង ការសិក្សានោះ តែមិនមែនចប់ការសិក្សាដូចព្រះអសេក្ខៈ បុគ្គលរម្ងាប់ការ ខ្វល់ខ្វាយក្នុងការសិក្សានោះ ទាំងមិនមែនជាអ្នកលះនូវការសិក្សា ដូចជន ច្រើនដែលមិនបង្អោនចិត្តទៅក្នុងការសិក្សានោះ ។ ម្យ៉ាងទៀត ឈ្មោះថា សេក្ខៈ ព្រោះកើតសិក្ខា ៣ ឬមានក្នុងសិក្ខា ៣ នោះ ដោយអរិយជាតិ ។ បទថា ភិយ្យោសោ មត្តាយ ប្រែថា ក្រៃលែងដោយប្រមាណ អធិប្បាយថា ក្រៃលែងហួសប្រមាណ ។ ពិតហើយ ព្រះលកុណ្ឋកភទ្ទិយៈអង្គុយនៅតាមប្រក្រតីនោះឯង សម្រេច នូវធម៌ជាគ្រឿងអស់ទៅនូវអាសវៈ ដោយឱវាទដំបូងតាមវិធីដូចពោលក្នុង សូត្រទី ១ ។ ឯព្រះធម្មសេនាបតី មិនជ្រាបការសម្រេចអរហត្តនោះរបស់ លោក ព្រោះមិនបានអាវជ្ជនៈដល់ សម្គាល់ថា នៅជាព្រះសេក្ខៈនៅឡើយ ដូចបុរសដែលមានចិត្តទូលាយ គេសូមបន្តិចក៏ឲ្យច្រើនដូច្នោះ រមែងសម្តែង ធម៌ដើម្បីអស់អាសវៈ ដោយអនេកបរិយាយក្រៃលែងឡើងៗ នោះឯង ។ ឯ ព្រះលកុណ្ឋកភទ្ទិយៈ ក៏មិនបានគិតថា ឥឡូវនេះ អញធ្វើកិច្ចស្រេចហើយ នឹង មានប្រយោជន៍អ្វីដោយឱវាទនេះ ទើបស្តាប់ដោយគោរព ដូចក្នុងកាលមុន នោះឯង ព្រោះគោរពក្នុងព្រះសទ្ធម្ម ។