បឋមកាមសូត្រ

ក្បាលទី 35 · ទំព័រ 855

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យ នោះឯង ពួកមនុស្សក្នុងក្រុងសាវត្ថី ជាប់ជំពាក់ក្នុងកាមទាំងឡាយហួស វេលាដោយច្រើន ជាអ្នកត្រេកអរ ចង់បាន ជាប់ចិត្ត វង្វេង ងល់ងប់ ស្រវឹងខ្លាំងក្នុងកាមទាំងឡាយ ។ លំដាប់នោះ ពួកភិក្ខុជាច្រើនរូបស្លៀក ស្បង់ ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាតក្នុង ក្រុងសាវត្ថី ។ លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីរួចហើយ ត្រឡប់ អំពីបិណ្ឌបាតវិញ ក្នុងវេលាខាងក្រោយភត្ត រួចចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏អង្គុយក្នុង ទីដ៏សមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំ ទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ពួកមនុស្សក្នុងក្រុងសាវត្ថី នេះ ជាប់ជំពាក់ក្នុងកាមទាំងឡាយ ហួសពេលដោយច្រើន ជាអ្នកត្រេកអរ ចង់បាន ជាប់ចិត្ត វង្វេង ងល់ងប់ ស្រវឹងខ្លាំងក្នុងកាមទាំងឡាយ ។ លុះព្រះមាន ព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលា នោះថា ពួកបុគ្គលជាប់នៅក្នុងកាមទាំងឡាយ ឈ្មោះថា អ្នកជាប់ នៅក្នុងគ្រឿងជាប់ជំពាក់ គឺកាម កាលបើមិនឃើញទោស ក្នុងសំយោជនៈ ។ ឈ្មោះថា អ្នកជាប់នៅក្នុងគ្រឿងជាប់ជំពាក់ គឺសំយោជនៈ ឆ្លង អន្លង់ដ៏ធំទូលាយ មិនបានដោយពិត ។ សូត្រទី ៣ ។ ៥