អដ្ឋកថាបឋមកាមសូត្រ
បឋមកាមសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា កាមេសុ បានដល់ ក្នុងវត្ថុកាម ។ បទថា អតិវេលំ បានដល់ ហួសកាល ។ បទថា សត្តា បានដល់ សត្វ អធិប្បាយថា បុគ្គលជាប់ គឺជំពាក់ដោយមិនឃើញទោសដែលមាន រពឫកដល់តែការត្រេកអរ ជាប់ជំពាក់ ព្រោះច្រើនទៅដោយអយោនិសោមនសិការ ។ បទថា រត្តា ឈ្មោះថា ត្រេកអរហើយ គឺតម្រេកហើយដោយឆន្ទរាគៈ ដែលជាគ្រឿងធ្វើ ចិត្តឲ្យប្រែប្រួល ដូចសំពត់ប្រែប្រួលទៅ ដោយការជ្រលក់ពណ៌ ដូច្នោះ ។ បទថា គិទ្ធា សេចក្តីថា ជាប់ គឺដល់នូវតម្រេក ដោយការសំឡឹងដែលមាន ការសង្ឃឹមជាសភាវៈ ។ បទថា គធិតា សេចក្តីថា ទាក់ទងក្នុងកាមនោះ ព្រោះភាវៈដែលដោះបានលំបាក ដូចក្រងទុក ។ បទថា មុច្ឆិតា សេចក្តីថា មិនមានកិច្ចដទៃ គឺដល់នូវការវង្វេងដោយអំណាចកិលេស ដូចបុគ្គលសន្លប់ ដូច្នោះ ។ បទថា អជ្ឈោបន្នា សេចក្តីថា លេបឲ្យសម្រេចតាំងនៅ ធ្វើឲ្យ ដូចវត្ថុដែលមិនទួទៅដល់អ្នកដទៃ ។ បទថា សម្មត្តកជាតា សេចក្តីថា ដល់ នូវភាពជាអ្នកងប់ងល់ក្នុងកាមទាំងឡាយ គឺជាអ្នកស្រវឹងក្នុងសុខវេទនា មាន ប្រមាណតិច ។ បាលីថា សម្មោទកជាតា ដូច្នេះក៏មាន អធិប្បាយថា កើត នូវការត្រេកអរ គឺកើតនូវការរីករាយចិត្ត ដោយបទទាំងអស់ លោកពោល ដល់ភាពដែលជនទាំងនោះស្រវឹងដោយតណ្ហានោះឯង ក្នុងសូត្រនេះ ពាក្យ ដើម លោកពោលថា កាមេសុ ហើយពោលដដែលថា កាមេសុ ទៀត ក៏ ដើម្បីសម្តែងថា សត្វទាំងនោះ មានចិត្តបង្អោនទៅក្នុងកាមនោះ ដោយពាក្យ នោះ លោកសម្តែងថា សត្វទាំងនោះ ជាអ្នកដល់ព្រមដោយកាមគុណក្នុង គ្រប់ឥរិយាបថ ។