ទុតិយកាមសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកមនុស្សក្នុងក្រុងសាវត្ថី ជាប់នៅក្នុងកាមទាំងឡាយដោយ ច្រើន ជាអ្នកត្រេកអរ ចង់បាន ជាប់ចិត្ត វង្វេង ងល់ងប់ ងងឹត ស្រវឹងខ្លាំង ក្នុងកាមទាំងឡាយ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរហើយ ស្តេចចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញមនុស្សទាំងនោះ ក្នុងក្រុងសាវត្ថី ជាប់នៅក្នុងកាមទាំងឡាយ ជាច្រើន ចង់បាន ជាប់ចិត្ត វង្វេង ងល់ងប់ ងងឹត ស្រវឹងខ្លាំង ក្នុងកាមទាំងឡាយ ។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺ ឧទាននេះ ក្នុងវេលានោះថា ជនទាំងឡាយ ដែលងងឹត ព្រោះកាម ដែលបណ្តាញ គឺតណ្ហា រួបរឹត ត្រូវដំបូល គឺតណ្ហាបិទបាំង ជាប់នៅដោយកិលេសមារ ដូចជាពួកត្រីនៅក្នុងលប តែងដល់នូវជរានិងមរណៈ ដូចជាកូនគោ នៅបៅដោះ តែងចូលទៅរកមេ ។ សូត្រទី ៤ ។ ៥