អដ្ឋកថាទុតិយកាមសូត្រ
ទុតិយកាមសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា អន្ធីកតា សេចក្តីថា ឈ្មោះថា កាម រមែងធ្វើ បុគ្គលមិនងងឹត ឲ្យងងឹត ដូចលោកពោលក្នុងឥតិវុត្តកៈថា បុគ្គលអ្នកលោភ រមែងមិនស្គាល់ប្រយោជន៍ បុគ្គលអ្នកលោភ រមែងមិនឃើញធម៌ សេចក្តីលោភ គ្របសង្កត់នរជន ក្នុងកាលណា សេចក្តីងងឹតដ៏មានកម្លាំង ក៏កើតឡើងក្នុងកាលនោះ ។ ព្រោះហេតុនោះ ទើបឈ្មោះថា អន្ធីកតា ព្រោះត្រូវកាមគ្របសង្កត់ បុគ្គលមិនងងឹត ឲ្យជាបុគ្គលងងឹត ។ ពាក្យដ៏សេសមានន័យដូចពោលហើយ ក្នុងសូត្រជាប់តគ្នានោះឯង ។ ក្នុងសូត្រនោះ ពួកភិក្ខុឃើញការប្រព្រឹត្តទៅនៃ មនុស្ស ទើបក្រាបទូលដល់ព្រះមានព្រះភាគ ។ ក្នុងសូត្រនេះមានការប្លែកគ្នា បុណ្ណេះថា ព្រះមានព្រះភាគ ទ្រង់ឃើញដោយព្រះអង្គឯងនោះឯង ។ ព្រះសាស្តាយាងចេញអំពីក្រុងសាវត្ថី ទៅកាន់វត្តជេតពន ក្នុងរវាងផ្លូវ ទ្រង់ទតឃើញត្រីជាច្រើន មិនអាចចូលកាន់លប ដែលពួកអ្នកប្រមង់ដាក់ ក្នុងស្ទឹងអចិរវតី ក្នុងកាលតមក ទ្រង់បានឃើញកូនគោ ដែលមិនទាន់ដាច់ ដោះ ជាប់តាមមេគោទៅ អើតកចូលទៅដើម្បីបៅដោះ បង្អោនមាត់ចូលទៅក្នុង ចន្លោះជើងមេ លំដាប់នោះ ព្រះមានព្រះភាគ យាងចូលទៅកាន់វិហារ លាងព្រះបាទទាំងទ្វេហើយ គង់ប្រថាប់លើបវរពុទ្ធាសនៈដែលគេបានផ្ចិតផ្ចង់ ទ្រង់កាន់យក ២ រឿង ខាងក្រោយជាឧបមារបស់រឿងមុន ទើបទ្រង់បន្លឺ ឧទាននេះ ។ បណ្តាបទទាំងនោះ បទថា កាមន្ធា បានដល់ ធ្វើនូវការងងឹតក្នុងវត្ថុកាម ដោយកិលេស មិនឲ្យមើលឃើញ ។ បទថា ជាលសញ្ឆន្នា សេចក្តីថា ដេរដាស ជាប់ជំពាក់ បានដល់ ត្រូវតណ្ហាដូចសំណាញ់គ្របសង្កត់ ព្រោះ កើតឡើងបន្តទៅដោយភព អារម្មណ៍ខាងក្រោម និងខាងលើ ក្នុងអត្តភាព របស់ខ្លួន និងអ្នកដទៃ ក្នុងអាយតនៈខាងក្នុង និងខាងក