លកុណ្ឋកភទ្ទិយសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យ នោះឯង ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ អំពីខាងក្រោយៗ នៃពួកភិក្ខុជាច្រើន ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញ ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ មានរូបប្លែក មិនគួរជ្រះថ្លា ទាបកន្តុញ មាន រូបគួរឲ្យភិក្ខុជាច្រើន ចាប់ពាល់លេង កំពុងដើរមកអំពីខាងក្រោយៗ នៃពួកភិក្ខុ ជាច្រើន អំពីចម្ងាយ លុះឃើញហើយ ទ្រង់ត្រាស់នឹងពួកភិក្ខុថា ម្នាល ភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភិក្ខុនុ៎ះដែលមានរូបប្លែក មិនគួរជ្រះថ្លា ទាបកន្តុញ មានរូបគួរឲ្យភិក្ខុជាច្រើន ចាប់ពាល់លេង កំពុងដើរមក អំពី ខាងក្រោយៗ នៃពួកភិក្ខុជាច្រើន អំពីចម្ងាយដែរឬ ។ ភិក្ខុទាំងឡាយ ក្រាប បង្គំទូលថា ព្រះករុណាព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនុ៎ះមានឫទ្ធិ ច្រើន មានអានុភាពច្រើន សមាបត្តិណាដែលភិក្ខុនោះមិនធ្លាប់បាន សមាបត្តិ នោះ មិនមែនបុគ្គលបានដោយងាយទេ កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ទៅបួសក្នុងផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ភិក្ខុនោះ បានត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បានដល់អនុត្តរធម៌នោះ មានព្រហ្មចរិយៈ ជាទីបំផុត ដោយខ្លួនឯង ក្នុងបច្ចុប្បន្នបាន ។ លុះព្រះមានព្រះភាគជ្រាប ច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា រថ គឺអត្តភាព មានអវ័យវៈឥតទោស មានដំបូលស មានកាំតែ មួយ រមែងប្រព្រឹត្តទៅបាន អ្នកចូរមើលអត្តភាព ( នោះ ) មានខ្សែ គឺតណ្ហាកាត់ហើយ មិនមានចំណង មិនមានទុក្ខ កំពុង ដើរមក ។ សូត្រទី ៥ ។