អដ្ឋកថាលកុណ្ឋកភទ្ទិយសូត្រ
លកុណ្ឋកភទ្ទិយសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា សម្ពហុលានំ ភិក្ខូនំ បិដ្ឋិតោ បិដ្ឋិតោ សេចក្តីថា ថ្ងៃមួយ ព្រះលកុណ្ឋកភទ្ទិយៈ មួយអន្លើដោយភិក្ខុដ៏ច្រើន ត្រាច់បិណ្ឌបាតក្នុង ចន្លោះស្រុក ឆាន់ភត្តាហារស្រេចហើយ លាងបាត្រដាក់ក្នុងស្លោក ស្ពាយត្រ ង់ស្មា បត់ចីវរ ពាក់ចីវរនោះត្រង់ស្មាឆ្វេង មានការឈានទៅ ឈានថយ ក្រោយ ក្រឡេកមើលទៅមុខ ក្រឡេកមើលឆ្វេង-ស្តាំ បត់ អង្កុញ លាត សណ្តូក គួរជ្រះថ្លា មានភ្នែកដាក់ចុះ សម្បូរដោយឥរិយាបថ ដូចប្រកាសនូវ ការសម្បូរដោយសតិ និងបញ្ញារបស់ខ្លួន តាំងសតិ និងសម្បជញ្ញៈ មានចិត្ត ជាសមាធិ ឈានទៅ កាលនឹងទៅតាមក្រោយភិក្ខុទាំងឡាយ មិនប្រឡាក់ ប្រឡូសដោយភិក្ខុទាំងនោះ ។ ព្រោះហេតុអ្វី ព្រោះជាបុគ្គលដែលនៅដោយ ការមិនច្រឡូកច្រឡំ ។ ម្យ៉ាងទៀត បុថុជ្ជនទាំងឡាយរមែងមើលងាយរូប របស់លោកថា គួរមើលងាយ ជាទីតាំងនៃការមើលងាយ ។ ព្រះថេរៈដឹង ដូច្នោះ ទើបដើរទៅខាងក្រោយ ដោយគិតថា ភិក្ខុទាំងនេះ កុំបាននូវបាប ព្រោះអាស្រ័យអាត្មាអញឡើយ ។ ភិក្ខុទាំងនោះ និងព្រះថេរៈ ដល់ក្រុង សាវត្ថី ចូលទៅកាន់វិហារ គាល់ព្រះមានព្រះភាគដល់ទីប្រថាប់ ដោយ ប្រការដូច្នេះ ។ ដោយហេតុនោះ ទើបលោកពោលថា តេន ខោ បន សមយេន អាយស្មា លកុណ្ឋកភទ្ទិយោ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ទុព្វណ្ណំ បានដល់ រូបគួរខ្ពើម ។ ដោយ ពាក្យនោះ លោកសម្តែងដល់ព្រះថេរៈ មិនមានការដល់ព្រមដោយវណ្ណៈ និង ដល់ព្រមដោយទ្រង់ទ្រាយ ។ បទថា ទុទ្ទស្សិកំ ប្រែថា ឃើញហើយមិនគួរ ជ្រះថ្លា ។ ដោយបទនោះ សម្តែងដល់លោក មិនមានការបរិបូណ៌ដោយ អនុព្យញ្ជនៈ និងការសម្បូរដោយអាការ ។