ឧទេនសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ សម័យនោះឯង កាល ព្រះបាទឧទេន ស្តេចទៅកាន់ឱទ្យាន មានភ្លើងឆេះខាងក្នុងព្រះរាជវាំង ពួកស ្ត្រីទាំង ៥០០ នាក់ មាននាងសាមាវតីជាប្រធាន ធ្វើមរណកាលទាំងអស់ ។ គ្រានោះ ពួកភិក្ខុជាច្រើន ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាតក្នុងក្រុងកោសម្ពី ។ លុះត្រាច់បិណ្ឌបាត ក្នុងក្រុងកោសម្ពី ហើយ ត្រឡប់អំពីបិណ្ឌបាតវិញ ក្នុងវេលាខាងក្រោយភត្ត ចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បាន ក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ កាល ព្រះបាទឧទេន ទ្រង់ស្តេចទៅកាន់ឱទ្យាន មានភ្លើងឆេះខាងក្នុងព្រះរាជវាំង ពួកស្ត្រីទាំង ៥០០ នាក់ មាននាងសាមាវតីជាប្រធាន ធ្វើមរណកាល ទាំងអស់ បពិត្រព្រះអង្គដ៏ចម្រើន គតិរបស់ឧបាសិកាទាំងនោះ តើដូចម្តេច លោកខាងមុខ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បណ្តាឧបាសិកាទាំងនុ៎ះ ឧបាសិកា ជាសោតាបន្នាក៏មាន ជាសកទាគាមិនីក៏មាន ជាអនាគាមិនីក៏មាន ម្នាលភិក្ខុទាំងឡាយ ឧបាសិកាទាំងអស់នោះ ដែលធ្វើកាលកិរិយា មិនមែន ឥតផលទេ ។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់ បន្លឺឧទាននេះ ក្នុងវេលានោះថា សត្វលោក មានមោហៈជាចំណង ប្រាកដដូចជាមានរូប ចម្រើន បុគ្គលពាលមានឧបធិក្កិលេសជាចំណងត្រូវងងឹត គឺអវិជ្ជាចោមរោមហើយ ប្រាកដដូចជាទៀងទាត់ សេចក្តី កង្វល់មានរាគៈជាដើម របស់បុគ្គលអ្នកពិចារណាឃើញ ច្បាស់ មិនមានទេ ។ សូត្រទី ១០ ។ ចូឡវគ្គទី