អដ្ឋកថាឧទេនសូត្រ
ឧទេនសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា រញ្ញោ ឧទេនស្ស បានដល់ ព្រះរាជាព្រះនាមឧទេន ដែលគេហៅថា ស្តេចវជ្ជីក៏មាន ។ បទថា ឧយ្យានគតស្ស បានដល់ យាង ទៅកាន់ឧទ្យានដើម្បីប្រពាតក្នុងឧទ្យាននោះ ។ ពិតហើយ បទថា ឧទេនស្ស នេះ ជាឆដ្ឋីវិភត្តិ ប្រើក្នុងអត្ថអនាទរៈ ។ បទថា ឧទេនស្ស នេះ ជាឆដ្ឋីវិភត្តិ ប្រើក្នុងសាមីសម្ពន្ធ មិនសំដៅដល់បទថា អន្តេបុរំ ទេ ។ បទថា កាលកតានិ បានដល់ ត្រូវភ្លើងឆេះស្លាប់ហើយ ។ ក្នុងបទថា សាមាវតីបមុខានិ មាន ពាក្យជ្រៀតសួរចូលមកថា ព្រះនាងសាមាវតីនេះជានរណា ហេតុអ្វី ទើប ត្រូវភ្លើងឆេះ ខ្ញុំនឹងឆ្លើយថា ធីតារបស់សេដ្ឋី ក្នុងក្រុងភទ្ទវតី ដែលឃោសកសេដ្ឋីតែងតាំងក្នុងតំណែងជាធីតា មានស្រី ៥០០ ជាបរិវារ ជាអគ្គមហេសី របស់ព្រះបាទឧទេន ជាព្រះអរិយសាវិកា ច្រើនទៅដោយមេត្តាវិហារធម៌ ព្រះនាងព្រះនាមថា សាមាវតី ។ ក្នុងទីនេះ មានសេចក្តីសង្ខេបប្រមាណ បុណ្ណេះ បើពោលឲ្យពិស្តារ គប្បីជ្រាបឧប្បត្តិកថារបស់ព្រះនាងសាមាវតី តាំងអំពីដើមដល់ចប់ ក្នុងធម្មបទឯណោះចុះ ។ នាងមាគន្ទិយា ធីតារបស់ មាគន្ទិយព្រាហ្មណ៍ ស្តាប់គាថាដែលព្រះមានព្រះភាគ ទ្រង់សម្តែងដល់ មាតាបិតារបស់ខ្លួនថា ព្រោះបានឃើញនាងតណ្ហា នាងអរតី និងនាងរាគា តថាគតមិនមានការ ពេញចិត្តក្នុងមេថុនឡើយ ព្រោះបានឃើញសរីរៈរបស់កូនស្រីអ្នកដែលពេញ ដោយមូត្រ និងករីស តថាគតនឹងពេញចិត្តក្នុង ( មេថុន ) បានដូចម្តេច តថាគតមិនប្រាថ្នាពាល់ត្រូវសរីរៈនៃធីតារបស់អ្នក សូម្បីដោយជើង ដូច្នេះ ទើបចងអាឃាតក្នុងព្រះសាស្តា ។ សម័យក្រោយមក ព្រះបាទឧទេន ទ្រង់ ស្ថាបនាតំណែងមហេសី ដឹងថា ព្រះមានព្រះភាគដល់ក្រុងកោសម្ពី និងដឹង ថា ស្រី ៥០០ មាននាងសាមាវតី