អដ្ឋកថាទុតិយនិព្វានសូត្រ
ទុតិយនិព្វានសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឥមំ ឧទានំ សេចក្តីថា ព្រះមានព្រះភាគ ទ្រង់ បន្លឺឧទាននេះ សម្តែងដល់ភាវៈដែលព្រះនិព្វានឃើញបានលំបាក ព្រោះតាម ប្រក្រតីជាគុណជាតិជ្រាលជ្រៅ ។ បណ្តាបទទាំងនោះ បទថា ទុទ្ទសំ សេចក្តីថា ព្រះនិព្វាន ឈ្មោះថា ឃើញបានលំបាក ព្រោះបុគ្គលមិនអាចឃើញបាន ដោយគ្រឿងតាក់តែង គឺ ញាណដែលមិនធ្លាប់បានសន្សំអប់រំមក ព្រោះមានសភាវៈជ្រាលជ្រៅ និង ព្រោះមានសភាវៈសុខុម ល្អិតក្រៃលែង ។ សមដូចព្រះតម្រាស់ដែលត្រាស់ ក្នុងមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកថា ម្នាលមាគណ្ឌិយៈ អ្នកត្រូវដឹងនូវការ មិនមានរោគ ត្រូវឃើញនូវព្រះនិព្វានដោយចក្ខុដ៏ប្រសើរណា ចក្ខុដ៏ប្រសើរ នោះ របស់អ្នកមិនមានទេ ។ ទ្រង់ត្រាស់ក្នុងមជ្ឈិមនិកាយ មូលបណ្ណាសក ទៀតថា មួយទៀត ធម៌ណារម្ងាប់នូវសង្ខារទាំងពួង ជាគ្រឿងលះបង់នូវឧបធិ គឺខន្ធ និងកិលេសទាំងពួង ជាទីអស់ទៅនៃតណ្ហា ជាទីនឿយណាយចាករាគៈ ជាទីរលត់ទុក្ខ គឺព្រះនិព្វានធម៌នេះ ជាហេតុដែលសត្វឃើញបានដោយកម្រ ដែរ ដូច្នេះជាដើម ។ បទថា អនតំ សេចក្តីថា តណ្ហា ឈ្មោះថា នត ព្រោះ បង្អោនទៅក្នុងអារម្មណ៍ មានរូបជាដើម និងក្នុងភព មានកាមភពជាដើម ព្រោះប្រព្រឹត្តទៅ ដោយភាវៈ ដែលបង្អោនទៅក្នុងអារម្មណ៍ និងកាមនោះ និង ព្រោះសត្វទាំងឡាយ បង្អោនទៅក្នុងអារម្មណ៍ និងកាមភពជាដើមនោះ ។ ទើបព្រះនិព្វានឈ្មោះថា អនត ព្រោះមិនជាទីដែលសត្វបង្អោនទៅ ។ អាចារ្យ ពួកខ្លះពោលថា អនន្តំ ដូច្នេះក៏មាន ។ អធិប្បាយថា ព្រះនិព្វាន ឈ្មោះថា វៀរចាកទីបំផុត គឺ មិនមានចុតិជាសភាវៈ ជាការរម្លត់ដោយឥតសេសសល់ បានដល់ ជាអមតៈ ព្រោះមានសភាវៈពិត ។