តតិយនិព្វានសូត្រ

ក្បាលទី 35 · ទំព័រ 921

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យយល់ច្បាស់ ឲ្យកាន់ យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន ។ ភិក្ខុទាំងនោះ ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវធម្មទេសនា ទាំងអស់ ដោយចិត្ត ផ្ចង់ត្រចៀកស្តាប់ធម៌ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ ព្រះនិព្វាន ឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ មានប្រាកដ ម្នាល ភិក្ខុទាំងឡាយ ប្រសិនណាបើព្រះនិព្វាននោះ ឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ មិន មានទេ ការរលាស់ចេញនូវកិលេស ដែលនាំឲ្យកើតមហាភូតរូប ដែលប្រាកដនូវហេតុ ដែលធ្វើនូវបច្ច័យ ដែលតាក់តែងក្នុងលោក នេះ ក៏មិនប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ ព្រះនិព្វាន ឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ រមែងមានប្រាកដ ព្រោះហេតុណា ហេតុនោះ ការរលាស់ចេញនូវ កិលេស ដែលនាំឲ្យកើតមហាភូតរូប ដ៏ប្រាកដនូវហេតុដែលគួរ ធ្វើនូវបច្ច័យជាទីតាក់តែង ក៏រមែងប្រាកដ ។ សូត្រទី ៣ ។