ចតុត្ថនិព្វានសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យយល់ច្បាស់ ឲ្យ កាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន ។ ភិក្ខុទាំងនោះបានធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវធម្មទេសនា ទាំងអស់ ដោយចិត្ត ផ្ចង់ត្រចៀកស្តាប់ធម៌ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ការញាប់ញ័រ របស់បុគ្គលអ្នកអាស្រ័យ ( ដោយតណ្ហា និងទិដ្ឋិ ) រមែងមាន ការញាប់ញ័រ របស់បុគ្គលអ្នកមិនអាស្រ័យ ( ដោយ តណ្ហា និងទិដ្ឋិ ) មិនមាន កាលបើសេចក្តីញាប់ញ័រមិនមាន បស្សទ្ធិ ( សេចក្តីស្ងប់ ) ក៏កើតមានឡើង កាលបើបស្សទ្ធិមាន តម្រេកក៏រមែងមិនមាន កាលបើតម្រេកមិនមាន ដំណើរមក និង ដំណើរទៅ ក៏មិនមាន កាលបើដំណើរមក ដំណើរទៅមិនមាន ការច្យុតិ និងការកើត ក៏មិនមាន កាលបើការច្យុតិ និងការកើត មិនមាន ដំណើរទៅមក ក្នុងឥធលោក និងបរលោកក៏មិនមាន ទាំងមិនមានក្នុងរវាងនៃលោកទាំង ២ នេះជាទីបំផុតនៃទុក្ខ ។ សូត្រទី ៤ ។