វិសាខាសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើប្រាសាទ របស់មិគារមាតា ក្នុងបុព្វារាម ជិតក្រុងសាវត្ថី ។ សម័យនោះឯង ចៅស្រីជាទីស្រឡាញ់ពេញចិត្ត របស់នាងវិសាខាមិគារមាតា ធ្វើមរណភាព ។ គ្រានោះ វិសាខាមិគារមាតា មានសំពត់សើម សក់សើម ចូលទៅគាល់ព្រះមានព្រះភាគទាំងថ្ងៃត្រង់ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលវិសាខា ចុះ នាងមកពីណា មានសំពត់សើម សក់សើម ចូលមកក្នុងទីនេះ ទាំងថ្ងៃត្រង់ ។ បពិត្រព្រះអង្គដ៏ចម្រើន ចៅស្រីជាទីស្រឡាញ់ពេញចិត្ត របស់ខ្ញុំព្រះអង្គ ធ្វើ មរណភាព ព្រោះហេតុនោះ បានជាខ្ញុំព្រះអង្គ មានសំពត់សើម សក់សើម ចូលមកក្នុងទីនេះ ទាំងថ្ងៃត្រង់ ។ ម្នាលវិសាខា មនុស្សក្នុងក្រុងសាវត្ថី មាន ចំនួនប៉ុន្មាន នាងចង់បានកូន និងចៅចំនួនប៉ុណ្ណោះឬ ។ បពិត្រព្រះមាន ព្រះភាគដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថីមានចំនួនប៉ុន្មាន ខ្ញុំព្រះអង្គចង់បាន កូន និងចៅចំនួនប៉ុណ្ណោះ ។ ម្នាលវិសាខា ចុះមនុស្សទាំងឡាយ ក្នុងក្រុង សាវត្ថីជាច្រើន តែងធ្វើមរណភាពរាល់ៗ ថ្ងៃប៉ុន្មាននាក់ ។ បពិត្រព្រះអង្គដ៏ ចម្រើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ៗ ថ្ងៃ ១០ នាក់ខ្លះ បពិត្រ ព្រះអង្គដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ៗ ថ្ងៃ ៩ នាក់ខ្លះ បពិត្រព្រះអង្គដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ៗ ថ្ងៃ ៨ នាក់ខ្លះ បពិត្រព្រះអង្គដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ៗ ថ្ងៃ ៧ នាក់ខ្លះ បពិត្រព្រះអង្គដ៏ចម្រើន មនុស្សក្នុងក្រុងស