អដ្ឋកថាវិសាខាសូត្រ
វិសាខាសូត្រទី ៨ មានវិនិច្ឆ័យដូចតទៅនេះថា បទថា វិសាខាយ មិគារមាតុយា នត្តា កាលកតា ហោតិ បានដល់ ក្មេងស្រីដែលជាធីតារបស់កូនប្រុសនៃមហាឧបាសិកា ឈ្មោះវិសាខាស្លាប់ ។ បានឮថា កុមារីនោះសម្បូរដោយវត្ត ជ្រះថ្លាក្រៃលែងក្នុងព្រះសាសនា ជាអ្នកមិនប្រមាទ បានធ្វើការខ្វល់ខ្វាយដែលខ្លួនគប្បីធ្វើដល់ភិក្ខុ និងភិក្ខុនី ទាំងឡាយ ចូលទៅកាន់ស្រុកមហាឧបាសិកា ក្នុងកាលមុនអាហារ និងក្រោយ អាហារ បដិបត្តិតាមចិត្តរបស់ជីដូន ។ ដោយហេតុនោះ មហាឧបាសិកាវិសាខា កាលចេញអំពីផ្ទះទៅខាងក្រៅ បានប្រគល់នាទីទាំងអស់ ដល់កុមារី នោះឯង រួចទើបទៅ កុមារីក៏មានរូបគួរសរសើរ គួរជ្រះថ្លា ដូច្នោះ ទើប នាងជាទីស្រឡាញ់ ជាទីពេញចិត្តដោយពិសេសរបស់មហាឧបាសិកាវិសាខា នោះ ។ នាងត្រូវរោគគ្របសង្កត់ ទើបស្លាប់ ។ ដោយហេតុនោះ ទើប លោកពោលថា សម័យនោះឯង ចៅស្រីជាទីស្រឡាញ់ពេញចិត្តរបស់នាង វិសាខាមិគារមាតា ធ្វើមរណភាព ។ លំដាប់នោះ មហាឧបាសិកា កាលមិនអាចអត់សង្កត់សេចក្តីសោក ព្រោះ ការស្លាប់របស់ចៅស្រីបាន ទើបទោមនស្ស ឲ្យយកសពទៅកប់ ហើយចូលទៅ គាល់ព្រះសាស្តា ដោយគិតថា ក្នុងកាលដែលអញទៅគាល់ព្រះសាស្តា គប្បីបាននូវការត្រេកអរ ។ ដោយហេតុនោះ ទើបលោកពោលថា អថ ខោ វិសាខា មិគារមាតា ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ទិវាទិវស្ស ប្រែថា ក្នុងវេលាថ្ងៃ អធិប្បាយ ថា ក្នុងពេលថ្ងៃត្រង់ ។ ព្រះមានព្រះភាគ កាលទ្រង់ជ្រាបថា នាងវិសាខាត្រេកអរក្រៃលែងក្នុង វដ្តៈ ដើម្បីទ្រង់ធ្វើសេចក្តីសោករបស់នាងឲ្យធូរស្បើយ ដោយឧបាយ ទើប ត្រាស់ពាក្យជាដើមថា ម្នាលវិសាខា មនុស្សក្នុងក្រុងសាវត្ថី មានចំនួន បុន្មាន នាងចង់បានកូន និងចៅចំនួនបុណ្ណោះឬ ។