អដ្ឋកថាបឋមទព្វសូត្រ
បឋមទព្វសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ បទថា អាយស្មា បានដល់ ពាក្យដែលជាទីស្រឡាញ់ ។ បទថា តព្វោ បានដល់ ជាឈ្មោះរបស់ព្រះថេរៈនោះ ។ បទថា មល្លបុត្តោ បានដល់ ឱរសរបស់ស្តេចមល្លៈ ។ ពិតហើយ ព្រះថេរៈអង្គនោះបានបំពេញអភិនីហារទៀបបាទមូលរបស់ ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ បានសាងសន្សំបុណ្យអស់សែនកប្ប កើតហើយក្នុងព្រះគភ៌របស់ព្រះរាជទេវីនៃស្តេចមល្លៈ ក្នុងកាលនៃព្រះដ៏មាន ព្រះភាគរបស់យើង ក្នុងកាលខ្លួនមានយុ ៧ ឆ្នាំអំពីកំណើត ទើបចូលទៅរក មាតាបិតា សូមអនុញ្ញាតបព្វជ្ជា ព្រោះដោយអំណាចខ្លួនបានសាងបុញ្ញាធិការ ។ ឯមាតាបិតាទាំង ២ នោះ បានអនុញ្ញាតថា នែកូន អ្នកបួសហើយ ចូរសិក្សា ក្នុងអាចារៈ បើកូនមិនត្រេកអរក្នុងការសិក្សាអាចារៈនោះ កូនត្រូវត្រឡប់មក ទីនេះវិញ ។ ទើបចូលទៅគាល់ព្រះសាស្តា ទូលសូមបព្វជ្ជា ។ ឯព្រះសាស្តា ទ្រង់ប្រមើលមើលនូវការសម្បូរនូវឧបនិស្ស័យរបស់លោកហើយ ទើបទ្រង់ អនុញ្ញាតឲ្យបព្វជ្ជា ។ ក្នុងកាលលោកបព្វជ្ជា ភព ៣ ប្រាកដដល់លោក ដូច ភ្លើងឆេះ តាមឱវាទដែលព្រះសាស្តាទ្រង់ប្រទានហើយ ។ ទើបលោកផ្តើម តាំងវិបស្សនា សម្រេចអរហត្ត ក្នុងខណៈចុងកាំបិតកោរដល់សីសៈនោះឯង ។ លោកសម្រេចធម៌ណាមួយ ដែលសាវ័កគប្បីសម្រេចទាំងអស់ មានវិជ្ជា ៣ បដិសម្ភិទា ៤ អភិញ្ញា ៦ លោកុត្តរធម៌ ៩ ទើបលោកបានសង្គ្រោះចូលក្នុង បណ្តាមហាសាវ័ក ៨០ រូប ។ សមដូចពាក្យព្រះថេរៈនោះពោលវិនយបិដក មហាវិភត្តិថា អញកើតឡើងបាន ៧ ឆ្នាំ បានសម្រេចអរហត្តផល គុណជាត ឯណានីមួយដែលសាវ័កត្រូវដល់ គុណជាតទាំងអស់ ( នោះ ) ក៏អញបាន ដល់ដោយលំដាប់ហើយ ដូច្នេះជាដើម ។