ទុតិយទព្វសូត្រ

ក្បាលទី 35 · ទំព័រ 1018

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះ ឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលទព្វមល្លបុត្ត ហោះទៅឯអាកាស អង្គុយពែនភ្នែន ក្នុងអាកាសដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយ បរិនិព្វាន សរីរៈ បណ្តាលភ្លើងឆាបឆេះ ទាំងផេះក៏មិនប្រាកដ កម្ទេចធាតុក៏មិនប្រាកដ ដូចសប្បិ ឬប្រេង កាលបើភ្លើង ឆាបឆេះ ទាំងផេះក៏មិនប្រាកដ កម្ទេចក៏មិនប្រាកដ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ កាលទព្វមល្លបុត្ត ហោះទៅឯអាកាស អង្គុយពែនភ្នែន ក្នុងអាកាស ដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយ បរិនិព្វាន សរីរៈ ក៏បណ្តាល ភ្លើងឆាបឆេះ ទាំងផេះក៏មិនប្រាកដ កម្ទេចធាតុក៏មិនប្រាកដយ៉ាងនោះឯង ។ លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺ ឧទាននេះ ក្នុងវេលានោះថា បុគ្គល រមែងមិនដឹងគតិ របស់ភ្លើងកំពុងឆេះ និងដុំដែកដែលគេដំ ហើយ ដែលរលត់ទៅដោយលំដាប់ យ៉ាងណាមិញ គតិរបស់ពួក លោកអ្នករួចស្រឡះចាកកិលេស ដោយប្រពៃ អ្នកឆ្លងចាកចំណង និងឱឃៈ គឺកាម ដល់នូវសេចក្តីសុខ មិនញាប់ញ័រ រមែងមិនអាច ដឹងបាន ក៏យ៉ាងនោះដែរ ។ សូត្រទី ១០ ។ បាដលិគ្គាមិយវគ្គទី ៨ ចប់ ឧទ្ទាននៃវគ្គនោះគឺ ពោលអំពីព្រះនិព្វាន ៤ លើក អំពីចុន្ទកម្មារបុត្ត ១ អំពីពួក ឧបាសកឧបាសិកា អ្នកបាដលិគ្រាម ១ អំពីផ្លូវបែកជាពីរ ១ អំពី នាងវិសាខា ១ ព្រមទាំងព្រះថេរៈទព្វមល្លបុត្តពីរលើករួមជា ១០ ។ ពោធិវគ្គដ៏ប្រសើរ