អដ្ឋកថាទុតិយទព្វសូត្រ
ទុតិយទព្វសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា តត្រ ខោ ភគវា ភិក្ខូ អាមន្តេសិ សេចក្តីថា ព្រះមាន ព្រះភាគ កាលប្រថាប់នៅតាមពេញព្រះហបឫទ័យក្នុងក្រុងរាជគ្រឹះ កាល ទ្រង់ទៅក្នុងជនបទ យាងដល់ក្រុងសាវត្ថីដោយលំដាប់នោះ ប្រថាប់នៅក្នុង វត្តជេតពន ដើម្បីសម្តែងការដែលព្រះទព្វមល្លបុត្របរិនិព្វាន ដែលមិនទាន់ ប្រចក្ស ឲ្យប្រចក្សដល់ពួកភិក្ខុ និងដើម្បីឲ្យបុថុជ្ជនឆ្ងាយចាកសេចក្តីគោរព ក្នុងព្រះថេរៈ ដោយការពោលទោសរឿងមិនពិត ដែលពួកមេត្តិយភិក្ខុ និង ភុម្មជកធ្វើ ឲ្យកើតការរាប់អានច្រើនក្នុងព្រះថេរៈ ទើបត្រាស់ហៅ ។ បណ្តាបទទាំងនោះ បទថា តត្រ នេះ ត្រឹមតែជានិបាត ប្រើក្នុងអត្ថថា ឲ្យយល់ព្រមតាមពាក្យ ។ សព្ទថា ខោ ប្រើក្នុងអត្ថថា អវធារណៈ ប្រែថា ឃាត់នូវសេចក្តីដទៃ ។ បណ្តាបទទាំងនោះ បទថា តត្រ នេះ ឆ្លុះបញ្ចាំង អត្ថដែលពោលដល់បទទាំងនេះថា ភគវា ភិក្ខូ អាមន្តេសិ ព្រះមានព្រះភាគ ត្រាស់ហៅចំពោះភិក្ខុ ។ ទ្រង់សម្តែងសេចក្តីនេះថា ដោយបទថា ខោ នេះ ទ្រង់ត្រាស់ហៅដូចគ្នា ក្នុងការត្រាស់ហៅ ភិក្ខុមិនមានអន្តរាយណាមួយឡើយ ម្យ៉ាងទៀត បទថា តត្រ បានដល់ ក្នុងអារាមនោះ ។ សព្ទថា ខោ ជា និបាតប្រើក្នុងអត្ថថា វចនាលង្ការ គឺអលង្ការរបស់ពាក្យធ្វើឲ្យពីរោះ ។ បទថា អាមន្តេសិ ប្រែថា បានត្រាស់ហៅហើយ ។ សួរថា ព្រោះហេតុអ្វី ទើបព្រះមានព្រះភាគត្រាស់ហៅចំពោះភិក្ខុទាំងឡាយ ឆ្លើយថា ព្រោះជាបុគ្គលចម្រើន ជាបុគ្គលប្រសើរ ជាបុគ្គលជិត ជា អ្នកមានចិត្តតាំងមាំដោយល្អសព្វកាល ព្រោះជាបុគ្គលទទួលនូវធម្មទេសនា ដោយពិសេស ។