អដ្ឋកថាទោសសូត្រ
សូត្រទី ២ មានបទផ្តើមថា វុត្តំ ហេតំ ។ បេ ។ ទោសំ ដូច្នេះ ។ ក្នុងសូត្រទី ២ នោះ មានកិច្ចពណ៌នាបទតាមលំដាប់ដូច្នេះ ។ យើងពណ៌នា បទ ទៅតាមលំដាប់សូត្រទាំងពួង សូម្បីដទៃក្រៅអំពីសូត្រនេះ តែម្យ៉ាងជាមួយនឹង សូត្រនេះ ។ ព្រះមានព្រះភាគ ទ្រង់ប្រមើលមើលអធ្យាស្រ័យរបស់ បុគ្គលដែលច្រើនដោយទោសៈ ទើបទ្រង់សម្តែងព្រះសូត្រនេះ ដើម្បីរម្ងាប់ ទោសៈ ដូច្នោះ ទើបត្រាស់ថា ទោសំ ភិក្ខវេ ឯកធម្មំ បជហថ ម្នាល ភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយលះបង់ធម៌ ១ គឺទោសៈ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា ទោសំ បានដល់ ការអាឃាត ដែលកើតអំពី អាឃាតវត្ថុ ១៨ យ៉ាង គឺ ៩ យ៉ាង លោកពោលក្នុងព្រះសូត្រ ដោយ ន័យជាដើមថា អនត្ថំ មេ អចរីតិ អាឃាតោ ជាយតិ អាឃាតរមែងកើតឡើង ថា បុគ្គលនោះបានប្រព្រឹត្តសេចក្តីវិនាសដល់អញ ដូច្នេះ និង ៩ យ៉ាង ដែលផ្ទុយគ្នានឹងខាងដើមថា អត្ថំ មេ នាចរិ គេមិនប្រព្រឹត្តវត្ថុដែលជា ប្រយោជន៍ដល់អញ ដូច្នេះ និងវត្ថុដែលមិនមែនឋានៈ មានដង្គត់ និងបន្លា ជាដើម រួមជា ១៩ យ៉ាងឯណានីមួយ ។ អាឃាតនោះ លោកពោលថា ជាទោសៈ ព្រោះអត្ថថា ជាហេតុប្រទូស្ត ឬចាប់ផ្តើមប្រទូស្តឯង ឬត្រឹមតែ គិតប្រទូស្តបុណ្ណោះ ទោសៈនោះគប្បីឃើញថា មានការកាចជាលក្ខណៈ ដូច ពស់ដែលត្រូវវាយ គប្បីឃើញថា មានការជ្រួតជ្រាបទៅ ដូចត្រូវថ្នាំពិស គប្បីឃើញថា មានការដុតទីអាស្រ័យរបស់ខ្លួនជាកិច្ច ដូចភ្លើងឆេះព្រៃ គប្បី ឃើញថា មានការប្រទូស្ត ដូចសត្រូវបានឱកាសហើយ គប្បីឃើញថា មាន អាឃាតវត្ថុជាបទដ្ឋាន តាមដែលពោលហើយ ដូចរបស់ផ្អូម និងទឹកមូត្រ ដែលគេចោលហើយ ។ បទថា បជហថ បានដល់ ចូរពួកអ្នកកាត់ផ្តាច់ ។ ព្រះមានព្រះភាគ ត្រាស់អាឃាតបដិវិន័យ គឺការដោះនូវអាឃាត ៥ យ៉ាង