មោហសូត្រ
ក្បាលទី 36 · ទំព័រ 107
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី ។ ធម៌ ១ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺមោហៈ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា សត្វទាំងឡាយ វង្វេងហើយ ព្រោះមោហៈណា តែង ទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹង ដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់មោហៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៣ ។