អវិជ្ជានីវរណសូត្រ
ក្បាលទី 36 · ទំព័រ 137
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វត្រូវនីវរណៈណា រួប រឹតហើយ តែងអន្ទោលទៅ តែងត្រាច់ទៅ អស់រាត្រីវែង ម្នាលភិក្ខុទាំងឡាយ តថាគតមិនឃើញនីវរណៈដទៃនោះ សូម្បីតែនីវរណៈមួយ ដូចអវិជ្ជានីវរណៈ នេះឡើយ ម្នាលភិក្ខុទាំងឡាយ ហេតុតែពួកសត្វ ត្រូវអវិជ្ជានីវរណៈ រួបរឹត ហើយ ទើបបានអន្ទោលទៅ ត្រាច់ទៅ អស់រាត្រីវែង ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ពួកសត្វត្រូវមោហៈដែលជាធម៌ឯក មិនមានធម៌ដទៃដូច រួបរឹតបិទបាំងយ៉ាងនេះហើយ តែងអន្ទោលទៅអស់ថ្ងៃ និងយប់ដ៏វែង ចំណែកសត្វទាំងឡាយណា លះបង់ មោហៈ ទម្លាយគំនរនៃងងឹតហើយ សត្វទាំងនោះ នឹង មិនអន្ទោលទៅទៀត ព្រោះហេតុរបស់សត្វទាំងនោះ មិនមាន ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៤ ។