អដ្ឋកថាបឋមសេក្ខសូត្រ
ក្នុងបឋមសេក្ខសូត្រទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា សេក្ខោ ក្នុងបទថា សេក្ខស្ស នេះ មានអត្ថដូចម្តេច ។ ឈ្មោះថា សេក្ខ ព្រោះបាននូវសេក្ខធម៌ សមដូចលោកពោលក្នុងសំយុត្តនិកាយ មហាវារវគ្គថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា សេក្ខៈ សេក្ខៈ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលឈ្មោះថា សេក្ខៈនោះ ដោយហេតុ ប៉ុន្មានយ៉ាង ។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសេក្ខសម្មាទិដ្ឋិ ។ បេ ។ ប្រកបដោយសេក្ខសម្មាសមាធិ ។ ម្នាលភិក្ខុ ដែលឈ្មោះថាសេក្ខៈ ដោយហេតុប៉ុណ្ណេះឯង ។ ម្យ៉ាងទៀត ឈ្មោះថា សេក្ខៈ ព្រោះនៅសិក្សានៅឡើយ ដូចព្រះ តម្រាស់ដែលត្រាស់ក្នុងអង្គុត្តរនិកាយ តិកនិបាតថា ម្នាលភិក្ខុ ព្រោះតែភិក្ខុនៅសិក្សា ហេតុនោះ បានជាតថាគត ហៅថា សេក្ខៈ ។ នៅសិក្សាអ្វី ។ ម្នាលភិក្ខុ នៅសិក្សា អធិសីលផង នៅសិក្សាអធិចិត្តផង នៅសិក្សាអធិប្បញ្ញាផង ហេតុនោះ បានជាតថាគត ហៅថា សេក្ខៈ ។ សូម្បីបុគ្គលដែលជាកល្យាណបុថុជ្ជន ធ្វើឲ្យបរិបូណ៌ដោយអនុលោមប្បដិបទា ដល់ព្រមដោយសីល គ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ស្គាល់ ប្រមាណក្នុងភោជន ប្រកបសេចក្តីព្យាយាម ដោយមិនឃើញដល់ការដេក ច្រើនជាប្រមាណ ប្រកបដោយសេចក្តីព្យាយាម ដោយការចម្រើនពោធិបក្ខិយធម៌អស់រាត្រីខាងដើម រាត្រីខាងចុង ដោយបំណងថា អញនឹងសម្រេច សាមញ្ញផលណាមួយក្នុងថ្ងៃនេះ ឬក្នុងថ្ងៃស្អែកនេះ លោកក៏ហៅថា សេក្ខៈ ព្រោះនៅសិក្សា ក្នុងសេចក្តីនេះ លោកបំណងយកព្រះសេក្ខៈ ដែលមិនទាន់ ចាក់ធ្លុះ ដែលពិត ក៏ជាកល្យាណបុដុជ្ជននោះឯង ។