ទុតិយសេក្ខសូត្រ
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុជាសេក្ខៈ មិនទាន់ សម្រេចអរហត្តផលនៅឡើយ ហើយប្រាថ្នាធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើបច្ច័យខាងក្រៅឲ្យជាហេតុ ហើយមិនឃើញ ហេតុដទៃ សូម្បីតែហេតុមួយ ដែលមានឧបការៈច្រើន យ៉ាងនេះ ឲ្យដូចជា ភាពនៃបុគ្គល មានកល្យាណមិត្តនេះឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមាន កល្យាណមិត្ត ទើបលះបង់អកុសល ចម្រើនកុសលបាន ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ភិក្ខុណា មានកល្យាណមិត្ត មានសេចក្តីកោតក្រែង ប្រកបដោយសេចក្តីគោរព ធ្វើតាមពាក្យរបស់ កល្យាណមិត្ត ជាអ្នកមានសេចក្តីដឹងខ្លួន មានស្មារតី ភិក្ខុនោះ ទើបគួរដល់នូវកិរិយាអស់សំយោជនៈទាំងពួង ដោយលំដាប់បាន ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៧ ។