បុគ្គលសូត្រ
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតកំណត់ចិត្តដោយចិត្ត ហើយ ដឹងច្បាស់ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលមានចិត្តប្រទូស្តយ៉ាងនេះ ថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ មុខជាទៅកើតក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលនោះ មានចិត្តប្រទូស្ត ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ពួកខ្លះ ក្នុងលោកនេះ ហេតុតែមានចិត្តប្រទូស្ត លុះបែកធ្លាយរាងកាយស្លាប់ ទៅ ក៏រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត និងនរក ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ព្រះពុទ្ធទ្រង់ជ្រាបបុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលមាន ចិត្តប្រទូស្ត ទើបទ្រង់ព្យាករសេចក្តីនុ៎ះ ក្នុងសម្នាក់ភិក្ខុ ទាំងឡាយថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុង សម័យនេះ មុខជាទៅកើតក្នុងនរក ព្រោះតែបុគ្គលនោះ មានចិត្តប្រទូស្ត បុគ្គលបែបនោះ ដូចជាគេនាំយកទៅ ទម្លាក់យ៉ាងនេះឯង សត្វទាំងឡាយ រមែងទៅកាន់ទុគ្គតិ ព្រោះហេតុតែមានចិត្តប្រទូស្ត ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ១០ ។ ទុតិយវគ្គ ចប់ ឧទ្ទាននៃទុតិយវគ្គនោះ គឺ និយាយអំពីមោហៈ ១ សេចក្តីក្រោធ ១ សេចក្តីលុប គុណគេ ១ សេចក្តីវង្វេង ១ កាម ១ សេក្ខៈមាន ២ លើក ការបំបែក ១ សេចក្តីត្រេកអរ ១ បុគ្គល ១ លោកពោលថាជាវគ្គទី ២ ។