អដ្ឋកថាចិត្តឈាយីសូត្រ

ក្បាលទី 36 · ទំព័រ 181

ក្នុងចិត្តឈាយីសូត្រទី ១ នៃវគ្គទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា បសន្នចិត្តំ បានដល់ មានចិត្តជ្រះថ្លាហើយ ដោយ ការជឿក្នុងព្រះរតនត្រ័យ និងដោយការជឿក្នុងផលរបស់កម្ម ។ បទថា សុគតឹ បានដល់ គតិល្អ ឬគតិនៃសុខ ដូច្នោះ ទើបឈ្មោះថា សុគតិ ។ បទថា សគ្គំ បានដល់ ប្រសើរដោយល្អ ដោយសម្បត្តិ មានរូបជាដើម ព្រោះដូច្នោះ ទើបឈ្មោះថា សគ្គ ។ បទថា លោកំ បានដល់ ផលនៃបុណ្យ និងបាប ឬ ឈ្មោះថា លោក ព្រោះអត្ថថា វិនាស ។ ម្យ៉ាងទៀត ក្នុងទីនេះ សូម្បីគតិ របស់មនុស្ស ក៏សង្គ្រោះដោយ សុគតិ សព្ទ ។ គតិរបស់ទេវតា ក៏សង្គ្រោះ ដោយ សគ្គ សព្ទដូចគ្នា ។ បទដ៏សេសមានន័យដូចពោលហើយខាងដើម នោះឯង ។