ឧភោអត្ថសូត្រ

ក្បាលទី 36 · ទំព័រ 196

ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ ដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យរឿយៗ ហើយ រមែងបានប្រយោជន៍ទាំង ២ គឺប្រយោជន៍ ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ ។ ធម៌ ១ តើដូចម្តេច ។ គឺ សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ១ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ រមែងបានប្រយោជន៍ ទាំង ២ គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ ។ លុះ ព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា បណ្ឌិតទាំងឡាយ តែងសរសើរសេចក្តីមិនប្រមាទ ក្នុង បុញ្ញកិរិយាវត្ថុទាំងឡាយ បណ្ឌិតមិនប្រមាទហើយ រមែង បានប្រយោជន៍ទាំង ២ គឺ ប្រយោជន៍ ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ អ្នកមានប្រាជ្ញា ព្រោះបាន ប្រយោជន៍ទាំង ២ ទើបហៅថា ជាបណ្ឌិត ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៣ ។