អដ្ឋកថាវេបុល្លបព្វតសូត្រ
ក្នុងវេបុល្លបព្វតសូត្រទី ៤ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា បុគ្គល ក្នុងបទថា ឯកបុគ្គលស្ស នេះ ជាវោហារកថា ។ ពិតហើយ ទេសនារបស់ព្រះសម្ពុទ្ធមាន ២ យ៉ាង គឺសម្មតិទេសនា និងបរមត្ថទេសនា ក្នុងទេសនា ២ យ៉ាងនោះ សម្មតិទេសនា គឺបុគ្គល សត្វ ស្រី ប្រុស ក្សត្រ ព្រាហ្មណ៍ ទេវតា មារ បរមត្ថទេសនា គឺអនិច្ចំ ទុក្ខំ អនត្តា ខន្ធ ធាតុ អាយតនៈ សតិប្បដ្ឋាន ។ ក្នុងទេសនា ២ យ៉ាងនេះ ព្រះមានព្រះភាគទ្រង់សម្តែងសម្មតិទេសនា ដល់បុគ្គលអ្នកស្តាប់ទេសនា ដោយសម្មតិហើយ អាចសម្រេចគុណវិសេស បាន ។ ទ្រង់សម្តែងបរមត្ថទេសនា ដល់បុគ្គលដែលស្តាប់ទេសនា ដោយ បរមត្ថហើយ អាចសម្រេចគុណវិសេសបាន ។ គប្បីជ្រាបឧបមាក្នុងសេចក្តី នោះដូចតទៅនេះ ឧបមាដូចអាចារ្យអ្នកឈ្លាសក្នុងភាសាពណ៌នាអត្ថនៃវេទ ៣ ដោយភាសាទមិឡ បុគ្គលអ្នកចេះភាសាទមិឡក៏ដឹងសេចក្តី ប្រាប់ដោយភាសា បុរាណដល់បុគ្គលដែលចេះភាសាគជាដើមណានីមួយ យ៉ាងណា មាណពទាំង ឡាយ ក៏អាស្រ័យអាចារ្យអ្នកឈ្លាស រមែងរៀនសិប្បៈបានលឿន ដូច្នោះ ។ ក្នុងសេចក្តីនោះ គប្បីជ្រាបថា ព្រះសម្ពុទ្ធដូចអាចារ្យ ព្រះត្រៃបិដកដែលតាំង នៅក្នុងភាវៈដែលគួរប្រាប់ ដូចត្រៃវេទ ភាពជាអ្នកឈ្លាសក្នុងសម្មតិ និងបរមត្ថ ដូចភាពជាអ្នកឈ្លាសក្នុងភាសា វេនេយ្យសត្វដែលអាចចាក់ធ្លុះដោយសម្មតិ និងបរមត្ថ ដូចមាណពអ្នកចេះភាសារៀងៗ ខ្លួន ការសម្តែងដោយសម្មតិ និង បរមត្ថរបស់ព្រះមានព្រះភាគ ដូចការប្រាប់ដោយភាសាទមិឡជាដើមរបស់ អាចារ្យ ។