មេត្តាភាវនាសូត្រ

ក្បាលទី 36 · ទំព័រ 220

ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែល ឲ្យផលក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់ នោះ មិនដល់មួយចំណិតនៃមេត្តាចេតោវិមុត្តិ ដែលបុគ្គលចែកឲ្យជាចំណែក ១៦ៗ ដងឡើយ មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាងរុងរឿង ។ ម្នាលភិក្ខុទាំងឡាយ ដូចពន្លឺពួកផ្កាយឯណានីមួយ ពន្លឺពួក ផ្កាយទាំងអស់នោះ មិនដល់មួយចំណិតពន្លឺព្រះចន្រ្ទ ដែលបុគ្គលចែកជាចំណែក ១៦ៗ ដងឡើយ ពន្លឺព្រះចន្រ្ទ តែងគ្របសង្កត់ពន្លឺផ្កាយទាំងអម្បាលនោះ ភ្លឺស្វាងរុងរឿង ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែលឲ្យផលក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់ នោះ មិនដល់មួយចំណិត នៃមេត្តាចេតោវិមុត្តិ ដែលចែកឲ្យជាចំណែក ១៦ៗ ដង មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាង រុងរឿង ក៏ដូច្នោះឯង ។ ម្នាលភិក្ខុទាំងឡាយ ដូចមេឃដែលស្រឡះ ប្រាសចាក ពពក ក្នុងសរទសម័យ ក្នុងខែជាខាងចុងនៃរដូវភ្លៀង ព្រះអាទិត្យ ក៏រះ ត្រដួចត្រដឹមក្នុងពពក កម្ចាត់បង់ងងឹតព្ធដ៏អាកាសទាំងអស់ ភ្លឺស្វាងរុងរឿង ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែលឲ្យផលក្នុង បដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិន ដល់មួយចំណិត នៃមេត្តាចេតោវិមុត្តិ ដែលបុគ្គលចែកឲ្យជាចំណែក ១៦ៗ ដងឡើយ មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាង រុងរឿង ដូច្នោះឯង ។