បឋមភិក្ខុសូត្រ

ក្បាលទី 36 · ទំព័រ 238

ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ រមែង នៅជាទុក្ខ ប្រកបដោយសេចក្តីថ្នាំងថ្នាក់ ប្រកបដោយសេចក្តីចង្ហៀតចង្អល់ ប្រកបដោយសេចក្តីក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ ទៅ ប្រាកដជាទៅកាន់ទុគ្គតិ ។ ភិក្ខុប្រកបដោយធម៌ ២ តើដូចម្តេច ។ គឺភាពជា អ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ១ ភាពជាអ្នកមិនដឹងប្រមាណ ក្នុងភោជន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ នេះឯង រមែង នៅជាទុក្ខ ប្រកបដោយសេចក្តីថ្នាំងថ្នាក់ ប្រកបដោយសេចក្តីចង្ហៀតចង្អល់ ប្រកបដោយសេចក្តីក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ ទៅ ប្រាកដជាទៅកាន់ទុគ្គតិ ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះ ហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ភិក្ខុណា ក្នុងសាសនានេះ មិនបានគ្រប់គ្រងទ្វារអម្បាល នេះ គឺចក្ខុ ១ សោតៈ ១ ឃានៈ ១ ជិវ្ហា ១ កាយ ១ មនៈ ១ ជាអ្នកមិនដឹងប្រមាណក្នុងភោជន មិនសង្រួម ក្នុងឥន្ទ្រិយទាំងឡាយ ភិក្ខុនោះតែងបាននូវសេចក្តីទុក្ខ គឺទុក្ខក្នុងកាយផង ទុក្ខក្នុងចិត្តផង ភិក្ខុបែបនោះ មាន កាយក្តៅក្រហាយ មានចិត្តក្តៅក្រហាយ តែងនៅជា ទុក្ខទាំងថ្ងៃទាំងយប់ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ១ ។ ៥