អដ្ឋកថាបឋមភិក្ខុសូត្រ
ក្នុងបឋមភិក្ខុសូត្រទី ១ នៃទុកនិបាត គប្បីជ្រាបវិនិច្ឆ័យដូច្នេះ បទថា ទ្វីហិ បានដល់ កំណត់ចំនួន ។ បទថា ធម្មេហិ បានដល់ ចង្អុល បង្ហាញនូវចំនួនដែលបានកំណត់ ។ បទថា ទ្វីហិ ធម្មេហិ បានដល់ ដោយ អកុសលធម៌ ២ ប្រការ ។ បទថា សមន្នាគតោ គឺប្រកបហើយ ។ បទថា ទិដ្ឋេវ ធម្មេ បានដល់ ក្នុងអត្តភាពនេះបុណ្ណោះ ។ បទថា ទុក្ខំ វិហរតិ បាន ដល់ នៅជាទុក្ខក្នុងឥរិយាបថ ៤ ដោយទុក្ខព្រោះកិលេស និងដោយទុក្ខផ្លូវកាយ ផ្លូវចិត្ត ។ បទថា សវិឃាតំ បានដល់ មានការក្តៅក្រហាយដោយ កិលេស ដែលចូលទៅប្រទូស្តផ្លូវចិត្ត និងកាយ ។ បទថា សឧបយាសំ បានដល់ មានការចង្អៀតចង្អល់ ដោយការចង្អៀតចង្អល់ព្រោះកិលេស ដោយ ការក្តៅក្រហាយផ្លូវកាយ និងដោយសេចក្តីលំបាកហួសកម្លាំង ។ បទថា សបរិឡាហំ បានដល់ មានការក្តៅក្រហាយ ដោយការដុតកម្តៅនៃកិលេស និងដោយការក្តៅក្រហាយ ព្រោះកិលេស និងដោយការក្តៅក្រហាយផ្លូវតាម កាយ ។ បទថា កាយស្ស ភេទា បានដល់ លះនូវខន្ធដែលមានវិញ្ញាណ ។ បទថា បរម្មរណា បានដល់ ក្នុងការប្រកាន់ខន្ធដែលកើតហើយក្នុងរវាងនោះ ។ ម្យ៉ាងទៀត បទថា កាយស្ស ភេទា បានដល់ ព្រោះកាត់នូវជីវិត្រិន្ទិយ ។ បទថា បរម្មរណា បានដល់ ក្រោយអំពីចុតិ ។ បទថា ទុគ្គតិ បដិកង្កា បានដល់ គប្បីប្រាថ្នាគតិណាមួយនៃអបាយ ៤ ដែលបានដល់ទុគ្គតិ អធិប្បាយ ថា មានចំណែកពិតប្រាកដ ។ បទថា អគ្គុត្តទ្វារោ បានដល់ មិនសង្រួមទ្វារ ។ តែក្ន្នុងកន្លែងខ្លះ អាចារ្យពោលថា បទថា អគុត្តទ្វារោ បានដល់ ក្នុងឥន្ទ្រិយទាំងឡាយ ។ អាចារ្យពោលដល់ការមិនសង្រួមឥន្ទ្រិយដែលមានចិត្តជាគម្រប់ ៦ ដោយបទ នោះ ។