ចក្ខុ ៥ យា៉ង
ឈ្មោះថា កាយ ព្រោះអត្ថថា ចម្រើនដោយភាពគួរខ្ពើម ឈ្មោះថា មន ព្រោះអត្ថថា ដឹង គឺដឹងច្បាស់ ។ បុរាណាចារ្យពោលថា ឈ្មោះថា មន ព្រោះអត្ថថា រមែងដឹង អធិប្បាយថា រមែងដឹងអារម្មណ៍ ដូចវាល់ដោយ នាឡិ និងដូចថ្លឹងដោយទម្ងន់ គប្បីជ្រាបអត្ថនៃបទក្នុងសូត្រនេះបុណ្ណេះ ។ ដោយសេចក្តីពិត ចក្ខុមាន ២ យ៉ាង គឺមំសចក្ខុ ១ បញ្ញាចក្ខុ ១ ។ ក្នុងចក្ខុ ២ យ៉ាងនោះ បញ្ញាចក្ខុមាន ៥ យ៉ាង គឺពុទ្ធចក្ខុ ១ សមន្តចក្ខុ ១ ញាណចក្ខុ ១ ទិព្វចក្ខុ ១ ធម្មចក្ខុ ១ ។ ក្នុងចក្ខុ ៥ យ៉ាងនោះ ឈ្មោះថា ពុទ្ធចក្ខុ ក្នុងពុទ្ធវចនៈថា អទ្ទសំ ខោ អហំ ភិក្ខវេ ពុទ្ធចក្ខុនា លោកំ វោលោកេន្តោ ម្នាលភិក្ខុទាំងឡាយ កាល តថាគតកំពុងប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុដូច្នេះជាដើម ។ ឈ្មោះថា សមន្តចក្ខុ ក្នុងបទថា សមន្តចក្ខុ វុច្ចតិ សព្វសញ្ញុញ្ញាណំ សព្វញ្ញុតញ្ញាណ លោកហៅថា សមន្តចក្ខុ ។ ឈ្មោះថា ញាណចក្ខុ ដូចក្នុងបទថា ចក្ខុំ ឧទបទិ ចក្ខុកើតឡើងហើយ ដូច្នេះជាដើម ។ ឈ្មោះថា ទិព្វចក្ខុ ក្នុងពុទ្ធវចនៈថា អទ្ទសំ ខោ អហំ ភិក្ខវេ ទិព្វេន ចក្ខុនា វិសុទ្ធេន ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញ ( ពួកបញ្ចវគ្គិយភិក្ខុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ) ដោយទិព្វចក្ខុដ៏បរិសុទ្ធ ដូច្នេះជាដើម ។ ឈ្មោះ ថា ធម្មចក្ខុ បានដល់ មគ្គ ៣ ខាងដើម ក្នុងបទថា វិរជំ វីតមលំ ធម្មចក្ខុំ ឧទបទិ ធម្មចក្ខុដែលប្រាសចាកធូលី ប្រាសចាកមន្ទិលបានកើតឡើងហើយ ដូច្នេះជាដើម ។