ទុតិយភិក្ខុសូត្រ
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ រមែង នៅជាសុខ មិនថ្នាំងថ្នាក់ មិនចង្អៀតចង្អល់ មិនក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ប្រាកដជាទៅកាន់សុគតិ ។ ភិក្ខុប្រកបដោយ ធម៌ ២ តើដូចម្តេច ។ គឺភាពជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ១ ភាពជាអ្នកដឹងប្រមាណក្នុងភោជន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ ធម៌ ២ នេះឯង រមែងនៅជាសុខ មិនថ្នាំងថ្នាក់ មិនចង្អៀតចង្អល់ មិនក្រវល់ ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ប្រាកដជាទៅកាន់ សុគតិ ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់ គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ភិក្ខុណា ក្នុងសាសនានេះ បានគ្រប់គ្រងទ្វារទាំងឡាយ នេះ គឺចក្ខុ ១ សោតៈ ១ ឃានៈ ១ ជិវ្ហា ១ កាយ ១ មនៈ ១ ល្អហើយ ជាអ្នកដឹងប្រមាណក្នុងភោជន សង្រួម ក្នុងឥន្ទ្រិយទាំងឡាយ ភិក្ខុនោះ តែងបានសេចក្តីសុខ គឺ សុខក្នុងកាយផង សុខក្នុងចិត្តផង ភិក្ខុបែបនោះ មាន កាយមិនក្តៅក្រហាយ មានចិត្តមិនក្តៅក្រហាយ រមែង នៅជាសុខ ទាំងថ្ងៃ ទាំងយប់ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ២ ។ ៥