តបនីយសូត្រ
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ធម៌នាំឲ្យក្តៅនេះ មាន ២ ។ ធម៌នាំឲ្យក្តៅ ២ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោក នេះ មិនបានធ្វើសេចក្តីល្អ មិនបានធ្វើកុសល មិនបានធ្វើទីពឹងអាស្រ័យ ធ្វើ តែអំពើបាប ធ្វើតែអំពើរឹងរូស ធ្វើតែអំពើអាក្រក់ បុគ្គលនោះតែងក្តៅក្រហាយ ដោយគិតថា អាត្មាអញមិនបានធ្វើអំពើល្អផង តែងក្តៅក្រហាយ ដោយគិត ថា អាត្មាអញ ធ្វើតែអំពើអាក្រក់ផង ។ ម្នាលភិក្ខុទាំងឡាយ ធម៌នាំឲ្យក្តៅ មាន ២ នេះឯង ។ លុះព្រះមានព្រះភាគសម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា បុគ្គលណា ធ្វើកាយទុច្ចរិត វចីទុច្ចរិត ឬធ្វើមនោទុច្ចរិត ឬក៏អំពើណាមួយ ដទៃទៀត ដែលប្រកបដោយទោស មិនបានធ្វើកុសលកម្ម ធ្វើតែអកុសលជាច្រើន បុគ្គល អ្នកឥតបញ្ញានោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងចូលទៅកាន់នរក ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៣ ។