អតបនីយសូត្រ

ក្បាលទី 36 · ទំព័រ 256

ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ធម៌នាំមិនឲ្យក្តៅក្រហាយនេះ មាន ២ ។ ធម៌នាំមិនឲ្យក្តៅក្រហាយ ២ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើសេចក្តីល្អទុកហើយ បានធ្វើកុសលទុក ហើយ បានធ្វើសេចក្តីពឹងពាក់ទុកហើយ មិនបានធ្វើបាប មិនបានធ្វើសេចក្តី រឹងរូស មិនបានធ្វើសេចក្តីអាក្រក់ បុគ្គលនោះ តែងមិនក្តៅក្រហាយ ដោយ គិតថា អាត្មាអញ បានធ្វើសេចក្តីល្អទុកហើយផង តែងមិនក្តៅក្រហាយ ដោយ គិតថា អាត្មាអញ មិនបានធ្វើសេចក្តីអាក្រក់ទុកហើយផង ។ ម្នាលភិក្ខុទាំងឡាយ ធម៌នាំមិនឲ្យក្តៅក្រហាយមាន ២ នេះឯង ។ លុះព្រះមានព្រះភាគទ្រង់ សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា បុគ្គលណា លះបង់កាយទុច្ចរិត វចីទុច្ចរិត ឬលះបង់ មនោទុច្ចរិត ឬអំពើណាមួយដទៃទៀត ដែលប្រកបដោយ ទោស មិនធ្វើអកុសលកម្ម ធ្វើតែកុសលកម្មជាច្រើន បុគ្គលនោះ ជាអ្នកប្រកបដោយបញ្ញា លុះបែកធ្លាយ រាងកាយស្លាប់ទៅ តែងចូលទៅកាន់ស្ថានសួគ៌ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៤ ។ ក្នុងអដ្ឋកថា អតបនីយសូត្រទី ៤ គប្បីជ្រាបអត្ថដោយការ ផ្ទុយគ្នា តាមដែលពោលហើយ ក្នុងអដ្ឋកថាតបនីយសូត្រទី ៣ ។