ទុតិយសីលសូត្រ

ក្បាលទី 36 · ទំព័រ 260

ខ្ញុំបានស្តាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២ រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅតម្កល់ទុក ។ ប្រកបដោយធម៌ ២ តើដូចម្តេច ។ គឺប្រកបដោយសីលចម្រើន ១ ប្រកបដោយទិដ្ឋិចម្រើន ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២ នេះឯង រមែងទៅកើតក្នុង ស្ថានសួគ៌ ដូចគេនាំយកទៅតម្កល់ទុក ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែង សេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ជនណា ប្រកបដោយធម៌ ២ នេះ គឺដោយសីលល្អ ១ ដោយទិដ្ឋិល្អ ១ ជនអ្នកប្រកបដោយបញ្ញានោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងចូលទៅកាន់ ស្ថានសួគ៌ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៦ ។